ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងគីវ បានបង្ហាញភាពពុំច្បាស់លាស់របស់ពួកគេចំពោះទស្សនីយភាពនៃដំណោះស្រាយការទូត ដើម្បីបញ្ចប់សង្រ្គាម បន្ទាប់ពីមានជំនួបរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នៅទីក្រុងវ៉ាស៊ីនតោនកាលពីរយៈពេល ១ថ្ងៃមុន ។
ប្រជាពលរដ្ឋអ៊ុយក្រែនយល់ឃើញថា កងកម្លាំងអ៊ុយក្រែនគឺជាវិធីសាស្រ្តតែមួយគត់ ដើម្បីដាក់សម្ពាធរុស្ស៊ីឲ្យបញ្ចប់សង្រ្គាម ។

អ្នកស្រី Yulia Gashko គឺជាពលរដ្ឋមួយរូបរស់នៅតំបន់ Poltava និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា បើទោះបីជាពួកយើងឈប់ត្រឹមព្រំដែនឥឡូវនេះ រុស្ស៊ីនឹងបន្តកៀរគរកងកម្លាំងរបស់ពួកគេ អំឡុងបទឈប់បាញ់ ហើយបន្ទាប់មក ពួកគេនឹងវាយប្រហារម្តងទៀតខ្លាំងក្លាជាងមុន ។
ក្រោយជួបលោក Zelenskiy អស់រយៈពេលជាង ២ម៉ោង លោក Trump បានអំពាវនាវដល់ភាគីទាំង ២ បញ្ឈប់សង្រ្គាមជាបន្ទាន់ បើទោះបីជាអ៊ុយក្រែនសុខចិត្តឲ្យទឹកដីក៏ដោយ ។
លោក Zelenskiy បានធ្វើដំណើរទៅកាន់សេតវិមានកាលពីថ្ងៃសុក្រ ដើម្បីស្វែងរកអាវុធបន្តប្រយុទ្ធក្នុងសង្រ្គាមប្រទេសរបស់លោកជាមួយរុស្ស៊ី ប៉ុន្តែប្រធានាធិបតីសហរដ្ឋអាមេរិកទំនងជាចង់បានកិច្ចព្រមព្រៀងសន្តិភាព ជាជាងការធ្វើឲ្យប្រសើរឡើងកាំភ្លើងធំរបស់អ៊ុយក្រែន ៕
