ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា ជំនួបតាមការគ្រោងទុកជាមួយប្រធានាធិបតីចិនលោក Xi Jinping នឹងបន្តទៅមុខ ដោយលោកបញ្ជាក់ថា ភាគីទាំង ២ ចុះសម្រុងគ្នា ស្របពេលដែលរដ្ឋបាលរបស់លោកព្យាយាមធ្វើឲ្យមានស្ថិរភាពជាមួយទីក្រុងប៉េកាំង ។
គួរឲ្យដឹងថា កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រទេសចិន និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នា ដើម្បីរៀបចំកិច្ចពិភាក្សាជុំថ្មីមួយផ្សេងទៀត នៃការចរចាពាណិជ្ជកម្ម ក្នុងរយៈប៉ុន្មានសប្ដាហ៍ខាងមុខ ខណៈមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ ព្យាយាមបញ្ចៀសសមរភូមិសងសឹកគ្នាលើការដំឡើងពន្ធ ដែលបានប៉ះពាល់ប្រទេសទាំងសងខាង ។

កាលពីសប្ដាហ៍មុន ទីក្រុងប៉េកាំងបានប្រកាសរឹតបន្តឹងការគ្រប់គ្រងលើឧស្សាហកម្មរ៉ែកម្រដ៏សំខាន់ ដែលជំរុញឲ្យលោក Trump គំរាមដំឡើងពន្ធ ១០០% លើការនាំចូលរបស់ចិនជាការសងសឹកវិញ ។
លោក Trump ក៏បានគំរាមផងដែរ ថានឹងលុបចោលជំនួបតាមការរំពឹងទុករបស់លោកជាមួយសមភាគីចិន លោក Jinping ក្នុងប្រទេសកូរ៉េខាងត្បូងនៅចុងខែនេះ នៅក្រៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ។
សញ្ញាចុងក្រោយបំផុតនៃកិច្ចខិតខំប្រឹងប្រែងដោះស្រាយជម្លោះរបស់ប្រទេសទាំង២ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថាឧបនាយករដ្ឋមន្ត្រី He Lifeng និងរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Bessent បានផ្លាស់ប្តូរទស្សនៈប្រកបដោយស្មោះត្រង់ ស៊ីជម្រៅ និងស្ថាបនា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទកាលពីព្រឹកថ្ងៃសៅរ៍ ហើយភាគីទាំង ២បានយល់ព្រមរៀបចំកិច្ចចរចាពាណិជ្ជកម្មថ្មីឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។
លោក Scott Bessent និយាយថា លោកនឹងនិយាយជាមួយសមភាគីចិន ដើម្បីបញ្ជាក់ពីកិច្ចសន្ទនាសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងបន្តរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង ២របស់ពិភពលោក ៕
