រុស្ស៊ី៖ ប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យបានរាយការណ៍ពីករណីឆ្លងវីរុស Covid-19 ថ្មីចំនួន ១៨០,០៧១ករណីដែលខ្ពស់ជាង ១០ដងកាលពីមួយខែមុនដោយសារវីរុសបម្លែងខ្លួនថ្មី omicron ឆ្លងខ្ពស់រាលដាលពេញប្រទេស។ សម្រាប់រយៈពេលចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតប្រទេសរុស្សី បានរាយការណ៍ពីករណីឆ្លងចំនួន ១២.៨១០,១១៨នាក់ និងអ្នកស្លាប់មានចំនួន ៣៣៥,៤១៤នាក់។

ដើម្បីទប់ទល់ទៅនឹងការកើនឡើងនៃករណីឆ្លងថ្មីៗនេះ មន្ទីរពេទ្យមួយក្នុងទីក្រុង Bor ក្នុងតំបន់ Nizhny Novgorod Oblast ប្រទេសរុស្សីបានរាយការណ៍ថា បន្ទប់សង្គ្រោះបន្ទាន់ពេញដោយអ្នកជំងឺ និងមានការកើនឡើងការចូលព្យាបាលនៅមន្ទីរពេទ្យ។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលរបស់លោកកំពុងពិចារណាបន្ធូរបន្ថយ វិធានការរឹតត្បិតមួយចំនួននៃវីរុសឆ្លង ទោះបីជាករណីឆ្លងកើនឡើងខ្លាំងក៏ដោយ។ លោក Putin បាននិយាយទៅកាន់សមាគមធុរកិច្ចកំពូលរបស់ប្រទេសរុស្ស៊ីថា អាជ្ញាធរគ្មានផែនការបិទខ្ទប់ណាមួយ ឬការរឹតបន្តឹងបន្ថែមផ្សេងទៀតនោះទេ។ បន្ថែមលើនេះរដ្ឋាភិបាលកំពុងពិចារណាដកវិធានការរឹតបន្តឹង សម្រាប់អ្នកដែលមានទំនាក់ទំនងជាមួយអ្នកជំងឺ COVID-19 ដែលបច្ចុប្បន្នអ្នកមានទំនាក់ទំនងទាំងនេះ ត្រូវដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេលប្រាំពីរថ្ងៃ។
ដោយប្រឈមមុខទៅនឹងការកើនឡើងវីរុសច្រើនបំផុត អាជ្ញាធររុស្ស៊ីជាទូទៅមិនបានទប់ស្កាត់នឹងការដាក់កំហិតសំខាន់ៗណាមួយ និង បានច្រានចោលម្តងហើយម្តងទៀត នូវគំនិតនៃការណែនាំវិធានការបិទខ្ទប់ប្រទេស។ ប្រទេសរុស្ស៊ីមានវិធានការបិទខ្ទប់ម្តងមានរយៈពេល ៦សប្តាហ៍កាលពីឆ្នាំ២០២០ ហើយក្នុងខែតុលា ឆ្នាំ២០២១ ប្រជាជនជាច្រើនត្រូវបានបញ្ជាឱ្យឈប់សម្រាកការងារប្រមាណមួយសប្តាហ៍។ ប៉ុន្តែក្រៅពីនោះជីវិតរស់នៅរបស់ប្រជាជន នៅក្នុងប្រទេសភាគច្រើននៅតែមានលក្ខណៈធម្មតា ដោយសូម្បីតែកាតព្វកិច្ចពាក់ម៉ាស់ក៏អនុវត្តមានភាពធូរលុង៕
អត្ថបទ៖ ប៊ុនថន