ទីភ្នាក់ងារសារព័ត៌មានក្យូដូ បានរាយការណ៍នៅថ្ងៃអាទិត្យ (១៩ តុលា) នេះថា គណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) របស់ប្រទេសជប៉ុន និងគណបក្សនវានុវត្តន៍ជប៉ុន បានព្រមព្រៀងគ្នាយ៉ាងទូលំទូលាយក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ ដោយអាចបើកផ្លូវឱ្យជប៉ុន មាននាយករដ្ឋមន្ត្រីស្ត្រីជាលើកដំបូងបំផុតរបស់ប្រទេស។
កាសែតក្យូដូនិយាយទៀតថា លោកស្រី Sanae Takaichi ប្រធានបក្ស LDP អភិរក្សនិយម និងលោក Hirofumi Yoshimura ប្រធានក្រុមស្តាំនិយមដែលគេស្គាល់ថាជាក្រុម Ishin គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតក្រុមចម្រុះនៅថ្ងៃចន្ទស្អែកនេះ។ សេចក្ដីរាយការណ៍បន្តថា សមាជិកសភាខាងក្រុម Ishin នឹងបោះឆ្នោតឱ្យលោកស្រី Takaichi ធ្វើជានាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតសភានៅថ្ងៃអង្គារ ទី២១ ខែតុលា ខាងមុខ ប៉ុន្តែបក្សនេះមិនមានគម្រោងភ្លាមៗក្នុងការបញ្ជូនរដ្ឋមន្ត្រីរបស់ខ្លួនទៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោកស្រី Takaichi ទេ។

ផ្លូវរបស់លោកស្រី Takaichi ដើម្បីស្នងតំណែងបន្តពីលោកនាយករដ្ឋមន្ត្រី Shigeru Ishiba ហាក់ដូចជាមានភាពប្រាកដប្រជាណាស់ បន្ទាប់ពីកាលពីដើមខែនេះ លោកស្រីបានឈ្នះតំណែងប្រធានបក្ស LDP ដែលកាន់អំណាចអស់ជាយូរ។ ប៉ុន្តែបន្ទាប់ពីបក្ស Komeito បានដកខ្លួនពីក្រុមចម្រុះ ២៦ឆ្នាំជាមួយ LDP — ដំណើររបស់លោកស្រី Takaichi ក៏បានជួបឧបសគ្គយ៉ាងច្រើនទល់នឹងគូប្រជែង ដើម្បីឈ្នះតំណែងនាយករដ្ឋមន្ត្រីបន្ទាប់។
សារព័ត៌មានក្យូដូបាននិយាយថា នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីយកឈ្នះការគាំទ្ររបស់ក្រុម Ishin បក្ស LDP របស់លោកស្រី Takaichi បានធ្វើសម្បទានជាច្រើន ដូចជាការយល់ព្រមបន្តធ្វើការឆ្ពោះទៅរកបម្រាមការបរិច្ចាគពីក្រុមហ៊ុន និងអង្គការផ្សេងទៀត និងការលើកលែងពន្ធឱ្យដល់ស្បៀងអាហាររបស់ជប៉ុនជាដើម៕

