នគរបាល និងក្រុមមន្ត្រីគ្រោះមហន្តរាយបាននិយាយថា ព្យុះត្រូពិក Fengshen ដ៏ខ្លាំងក្លា បានសម្លាប់មនុស្សមួយគ្រួសារដែលមានគ្នា ៥នាក់ នៅថ្ងៃអាទិត្យ (១៩ តុលា) នេះ ខណៈព្យុះដ៏កំណាចបានបោកបក់ពាសពេញកោះ Luzon របស់ប្រទេសហ្វីលីពីន។
មន្ត្រីនគរបាលឈ្មោះ Sonny Ombajino បាននិយាយថា គ្រួសាររងគ្រោះនោះ ដែលរួមទាំងកុមារ ២នាក់ដែលមានអាយុពី ២ឆ្នាំ និង ១១ឆ្នាំ ត្រូវបានសង្កត់ស្លាប់ នៅពេលដើមឈើមួយដើមបានបាក់រលំលើលំនៅឋានរបស់ពួកគេនៅព្រលឹមថ្ងៃរះ។ ឧបទ្ទវហេតុនេះបានកើតឡើងនៅភូមិមួយជិតទីក្រុង Pitogo ចម្ងាយប្រហែល ១៥៣គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងម៉ានីល ខណៈព្យុះបានបោកបក់ឆ្លងកាត់ផ្នែកភាគអាគ្នេយ៍នៃកោះ Luzon ពេញមួយយប់។

សេវាអាកាសធាតុរដ្ឋបាននិយាយថា ព្យុះ Fengshen បានឆ្លងកាត់ឈូងសមុទ្រម៉ានីលកាលពីព្រឹកថ្ងៃអាទិត្យ ជាមួយនឹងកម្លាំងខ្យល់រហូតដល់ ៩០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបានឆ្ពោះទៅវាយប្រហារខេត្តភាគខាងជើងនៃរដ្ឋធានីម៉ានីល។ មន្ត្រីគ្រោះមហន្តរាយក្នុងតំបន់និយាយថា មនុស្សយ៉ាងតិច ៤៧.០០០នាក់ បានចាកចេញពីផ្ទះសម្បែងរបស់ពួកគេទៅកាន់ជម្រកបណ្តោះអាសន្ននៅទូទាំងភាគអាគ្នេយ៍នៃទីក្រុង Luzon ចាប់តាំងពីថ្ងៃសៅរ៍មក ខណៈសេវាអាកាសធាតុព្រមានពីលទ្ធភាពនៃទឹកជំនន់នៅតាមតំបន់ឆ្នេរ និងបំណាក់ដី។
គួរឱ្យដឹងថា ហ្វីលីពីនតែងរងការវាយប្រហារដោយព្យុះធម្មតា និងព្យុះទីហ្វុងប្រហែល ២០ដងជារៀងរាល់ឆ្នាំ ដែលជាប្រចាំ តែងវាយប្រហារលើតំបន់ដែលមានមនុស្សរាប់លាននាក់រស់នៅក្នុងភាពក្រីក្រ៕

