នៅពេលដែលរដូវរងាជិតចូលមកដល់ គុណភាពខ្យល់របស់ទីក្រុងដេលី រដ្ឋធានីប្រទេសឥណ្ឌា នៅតែបន្តពោរពេញទៅដោយសារធាតុពុលដ៏អាក្រក់ជាលើកទី៦ ជាប់ៗគ្នាហើយក្នុងថ្ងៃអាទិត្យ (១៩ តុលា) នេះ ជាមួយនឹងតំបន់ជាច្រើនបានរាយការណ៍ពីអំណានសន្ទស្សន៍គុណភាពខ្យល់ (AQI) នៅក្នុងប្រភេទ "អាក្រក់" និង "អាក្រក់ខ្លាំង"។

គុណភាពខ្យល់បានធ្លាក់ចុះខ្លាំង ត្រឹមតែមួយថ្ងៃប៉ុណ្ណោះមុនពិធីបុណ្យ Diwali ដ៏ធំ ដោយតំបន់ Akshardham បានកត់ត្រាសន្ទស្សន៍គុណភាពខ្យល់ AQI ក្នុងកម្រិត ៤២៦ ដែលត្រូវចាត់ថ្នាក់ថាជាកម្រិត "ធ្ងន់ធ្ងរ" បង្ហាញពីការបំពុលខ្ពស់បំផុតមួយនៅក្នុងទីក្រុងនៃរដូវកាលនេះ នេះបើតាមទិន្នន័យពីក្រុមប្រឹក្សាកណ្ដាលត្រួតពិនិត្យការបំពុលខ្យល់ (CPCB)។
ឧបករណ៍បាញ់ទឹកត្រូវដាក់ពង្រាយនៅទីតាំងសាធារណៈរបស់ប្រទេសឥណ្ឌា ដើម្បីទប់ស្កាត់ការកើនឡើងនៃកម្រិតបំពុល។ អ្នកស្រុកនៅទីក្រុងញូវដេលី បានបន្តប្រឈមមុខនឹងការលំបាកទាក់ទងនឹងគុណភាពខ្យល់កាន់តែយ៉ាប់យ៉ឺននៅមុនពិធីបុណ្យ Diwali ដែលជាពិធីបុណ្យភ្លើងពណ៌តាមបែបសាសនាហិណ្ឌូដ៏កុះករ។
បុណ្យ Diwali នេះ ជាធម្មតាកើតឡើងស្របពេលនឹងបញ្ហាបំពុលខ្យល់ ដោយសារការបំភាយផ្សែងពុលពីការដុតសំណល់ដំណាំនៅក្នុងរដ្ឋជិតខាងរបស់ក្រុងដេលី ដែលបង្កើនកំហាប់ភាគល្អិតនិចលនៅក្នុងខ្យល់ ដល់កម្រិតច្រើនដងលើសពីដែនកំណត់សុវត្ថិភាពរបស់អង្គការសុខភាពពិភពលោក WHO ៕

