សារព័ត៌មាន CBS News បានរាយការណ៍នៅថ្ងៃអាទិត្យ (១៩ តុលា) នេះថា ការបិទរដ្ឋាភិបាលសហព័ន្ធរបស់សហរដ្ឋអាមេរិក កំពុងស្ថិតក្នុងថ្ងៃទី១៩របស់ខ្លួនហើយ គិតចាប់ពីពេលចាប់ផ្ដើមនៅថ្ងៃទី១ ខែតុលា មក ដោយហាក់គ្មានទីបញ្ចប់នោះទេ បន្ទាប់ពីសមាជិកព្រឹទ្ធសភាអាមេរិក បរាជ័យជាលើកទី១០ ក្នុងការដោះស្រាយភាពជាប់គាំង ក្នុងការបោះឆ្នោតកញ្ចប់ចំណាយថ្មីកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។
ការបិទរដ្ឋាភិបាលអាមេរិកឆ្នាំ២០២៥នេះ បានក្លាយជាដំណាក់កាលដ៏យូរបំផុតទីបីក្នុងប្រវត្តិសាស្ត្រសម័យទំនើប តាមពីក្រោយការបិទទ្វារឆ្នាំ១៩៩៥ និងអំឡុងឆ្នាំ២០១៨-២០១៩។ គួរឱ្យដឹងថា ការបិទដំណើរការរដ្ឋាភិបាលបែបនេះគឺទើបតែចាប់ផ្តើមនៅក្នុងទម្រង់បច្ចុប្បន្នរបស់ប្រព័ន្ធរដ្ឋាភិបាលអាមេរិក ក្នុងឆ្នាំ១៩៨០។

ប្រធានសភាអាមេរិកមកពីបក្សសាធារណរដ្ឋ លោក Mike Johnson បានព្រមានកាលពីថ្ងៃចន្ទរួចមកហើយថា ការបិទរដ្ឋាភិបាលសហព័ន្ធអាចក្លាយជារយៈពេលវែងបំផុតក្នុងប្រវត្តិសាស្ត្រ ដោយអះអាងថា លោក "នឹងមិនចរចា" ជាមួយបក្សប្រជាធិបតេយ្យឡើយ រហូតដល់ពួកគេផ្អាកការទាមទារ ហើយសម្រេចចិត្តបើករដ្ឋាភិបាលឡើងវិញ។
បន្ទាប់ពីការបោះឆ្នោតច្បាប់ចំណាយបានបរាជ័យក្នុងថ្ងៃព្រហស្បតិ៍ មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភា លោក John Thune បានឱ្យសមាជិកសភាសម្រាកនៅចុងសប្ដាហ៍ ដែលមានន័យថា ការបោះឆ្នោតមូលនិធិដើម្បីបើករដ្ឋាភិបាលឡើងវិញ ប្រហែលជាបន្តនៅថ្ងៃចន្ទ (២០ តុលា) ស្អែកនេះ៕

