កិច្ចប្រជុំដ៏សំខាន់បំផុតមួយរបស់ប្រទេសចិន នឹងចាប់ផ្តើមនៅថ្ងៃចន្ទ (២០ តុលា) ស្អែកនេះ នៅពេលដែលមេដឹកនាំចិន លោក Xi Jinping និងឥស្សរជនបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចផ្សេងទៀត ប្រមូលផ្តុំគ្នានៅទីក្រុងប៉េកាំង ដើម្បីគូសផែនទីកំណត់គោលដៅសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ។
ជំនួបបិទទ្វារ ដែលត្រូវបានគេស្គាល់ថាជាកិច្ចប្រជុំពេញអង្គលើកទី៤នោះ ត្រូវបានរំពឹងថានឹងមានរយៈពេលដល់ទៅ ៤ថ្ងៃ ហើយនឹងពិភាក្សា និងសម្រេចចុងក្រោយលើផែនការ ៥ឆ្នាំបន្ទាប់របស់ប្រទេសចិន ដែលជាប្លង់មេសម្រាប់ឆ្នាំ២០២៦-២០៣០។

កិច្ចប្រជុំនេះបានកំណត់ធ្វើឡើងស្របពេលភាពតានតឹងផ្នែកពាណិជ្ជកម្មកាន់តែខ្លាំងឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ហើយក៏នៅមុនពេលកិច្ចប្រជុំដែលអាចកើតមានរវាងលោក Xi និងប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងអំឡុងកិច្ចប្រជុំកំពូលតំបន់មួយចុងខែតុលានេះ។
កិច្ចប្រជុំពេញអង្គលើកទី៤ គឺសំដៅលើសម័យប្រជុំពេញអង្គលើកទី៤ ក្នុងចំណោមសម័យប្រជុំសរុបចំនួន៧ ក្នុងអំឡុងពេល ៥ឆ្នាំនៃគណៈកម្មាធិការកណ្តាលរបស់បក្សកុម្មុយនិស្តចិន។ លោក Xi និងសមាជិកប្រហែល ៣៧០រូប នៃគណៈកម្មាធិការកណ្តាលត្រូវរំពឹងថានឹងចូលរួម។ ដោយសារនោះជាជំនួបបិទទ្វារ ព័ត៌មានលម្អិតអាចនឹងត្រូវបង្ហាញនៅប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍បន្ទាប់។
ផែនការរយៈពេល ៥ឆ្នាំពេញសម្រាប់ឆ្នាំ២០២៦-២០៣០ និងខ្លឹមសារជាក់លាក់ ទំនងជាមិនត្រូវចេញផ្សាយទេ រហូតដល់សម័យប្រជុំប្រចាំឆ្នាំនៃសភាប្រជាជនចិន ត្រូវធ្វើឡើងនៅក្នុងខែមីនា ឆ្នាំក្រោយ៕

