ទាំងព្រឹទ្ធសភា និងរដ្ឋសភា កម្ពុជាបានបង្ហាញការសោកស្តាយ និងបានចេញសេចក្តីថ្លែងការណ៍ ធ្វើការទាត់ចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភាន់ របស់កាសែត The Nation របស់ថៃ ដែលចោទប្រកាន់ថា កម្ពុជាបានយករាល់វេទិការអន្តរជាតិវាយប្រហារទៅលើប្រទេសថៃ ខណៈការផ្សព្វផ្សាយបំផ្លើស និងគ្មានមូលដ្ឋាននេះ គឺជាការស្វែងរកការបង្កហេតុអរិភាព និងបំភាន់មតិសាធារណៈ។
សេចក្តីថ្លែងការណ៍របស់ព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជា ដែលបានចេញដាច់ដោយឡែកពីគ្នា នាយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥នេះ បានលើកឡើងដូចៗគ្នាថា អ្នកនាំពាក្យនៃគណៈប្រតិភូព្រះរាជាណាចក្រកម្ពុជាប្រចាំមហាសន្និបាតសហភាពអន្តរសភា(IPU) លើកទី១៥១នៅទីក្រុងហ្សឺណែវ សូមច្រានចោលទាំងស្រុងនូវរបាយការណ៍មិនពិត និងបំភាន់ ដែលបានផ្សព្វផ្សាយដោយសារពត៌មានថៃ The Nation នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥នេះថា កម្ពុជាបានយករាល់វេទិកានានាវាយប្រហារ និងប្រឆាំងកិត្តិនាមរបស់ប្រទេសថៃ លើឆាក់អន្តរជាតិ។
យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យព្រឹទ្ធសភា បានលើកឡើងថា ការផ្សព្វផ្សាយរបស់ កាសែតថៃ បានបំភ្លៃការពិតទាំងស្រុង ដោយបានពណ៌នាខុសថា កម្ពុជាបាន «វាយ ប្រហារប្រទេសថៃនៅគ្រប់វេទិកា» និង «ប្រើប្រាស់វេទិកា IPU ដើម្បីរិះគន់ប្រទេសថៃ»។ ផ្ទុយទៅវិញ ក្នុងអំឡុងកិច្ចប្រជុំ ASEAN+3 ក្រុមអាស៊ី-ប៉ាស៊ីហ្វិក និងមហាសន្និបាតសភាអាស៊ី (APA) គណៈប្រតិភូកម្ពុជាតែងតែបានប្រកាន់ខ្ជាប់ជានិច្ចនូវឥរិយាបថប្រកបដោយកិត្តិយស ភាពអត់ធ្មត់ និងការគោរពចំពោះគ្រប់សមាជិកសភាទាំងអស់ ដោយអនុលោមយ៉ាងពេញលេញតាមគោលការណ៍របស់ IPU អាស៊ាន និងការទូតសភានៅលើឆាកអន្តរជាតិ។ ជាងនេះទៅទៀតកម្ពុជាពុំបានប្រើពាក្យពេចន៍ ណាមួយនៅក្នុងបទអន្តរាគមន៍ផ្លូវការរបស់គណៈប្រតិភូកម្ពុជា ដែលបង្ហាញថា កម្ពុជាជំទាស់នឹងសំណើរបស់ថៃនោះទេ កម្ពុជាគ្រាន់តែបានស្នើសុំឱ្យសេចក្តីព្រាងសេចក្តីសម្រេចដែលបានស្នើឡើង ដោយគណៈប្រតិភូថៃ ត្រូវបានពិនិត្យ និងកែលម្អឡើងវិញ ដើម្បីឆ្លុះបញ្ចាំងឱ្យបានត្រឹមត្រូវនូវគោលការណ៍គ្រឹះរបស់ IPU គឺភាពមិនលម្អៀង អព្យាក្រឹត និងកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយស្ថាបនាតែប៉ុណ្ណោះ។
តាមរយៈសេចក្តីថ្លែងការណ៍នេះដែរ ព្រឹទ្ធសភាកម្ពុជា បានបង្ហាញការ«សោកស្ដាយយ៉ាងខ្លាំងដែលសារពត៌មាន The Nation បានជ្រើសរើសផ្សព្វផ្សាយរឿងរ៉ាវ បំផ្លើស និងគ្មានមូលដ្ឋាន ដែលស្វែងរកការបង្កហេតុអរិភាព និងបំភាន់មតិសាធារណៈ។ របាយការណ៍ ដែលមិនទទួលខុសត្រូវបែបនេះ មិនបានបម្រើដល់សន្តិភាព និងការយោគយល់គ្នា ហើយក៏មិនឆ្លុះបញ្ចាំងពីស្មារតីពិតនៃមិត្តភាពរវាងប្រជាជនថៃ និងកម្ពុជានោះទេ»។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានប្រាប់ទៅភាគីថៃផងដែរថា សេចក្តីពិត និងយុត្តិធម៌ត្រូវតែមានជ័យជំនះ។ គណៈប្រតិភូរបស់កម្ពុជាតែងតែប្រព្រឹត្តដោយសុច្ចរិត ដឹកនាំដោយភាពស្មោះត្រង់ តម្លាភាព និងតម្លៃរួមនៃកិច្ចសហប្រតិបត្តិការអាស៊ាន។ ភាគីមួយចំនួនបានបង្ហាញពីកង្វះទំនុកចិត្ត និងការខ្វះការទទួលខុសត្រូវពីសំណាក់ អ្នកដែលជ្រើសរើសការស្តីបន្ទោសជាជាងកិច្ចសហប្រតិបត្តិការ។ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ក៏បានបញ្ជាក់ជាថ្មីនូវការគោរពឥតងាកររបស់ខ្លួនចំពោះសហភាពអន្តរសភា និងសម្ដែងការជឿជាក់យ៉ាងពេញលេញលើសមត្ថភាពរបស់មហាសន្និបាតក្នុងការបែងចែករវាងការពិត និងការប្រឌិតផងដែរ។
ដោយឡែកសេចក្តីថ្លែងការណ៍របស់រដ្ឋសភាកម្ពុជា ក៏បានបង្ហាញការសោកស្ដាយយ៉ាងខ្លាំងផងដែរដែលសារពត៌មានរបស់ថៃមួយនេះ បានផ្សព្វផ្សាយខុសពីការពិត។ ដោយរដ្ឋសភាកម្ពុជា សូមបញ្ជាក់ជំហររបស់កម្ពុជាក្នុងឋានៈជារដ្ឋឯករាជ្យ មានអធិបតេយ្យភាព បូរណភាពដែនដីតាំងពីដើមរៀងមក ជាសមាជិកនៃអង្គការសហប្រជាតិ កម្ពុជានឹងបន្តនូវតួនាទី នៃការស្ថាបនា ដើម្បីរស់នៅក្នុងសកលលោក និងជាពិសេសសហគមន៍អាស៊ានមួយ ដែលមានសាមគ្គីភាព កិច្ចសហប្រតិបត្តការ និងការគោរពច្បាប់អន្តរជាតិ។ មិត្តភាពរវាងកម្ពុជានិងថៃ ត្រូវផ្អែកលើគុណតម្លៃនៃការយោគយល់គ្នា ការគោរពគ្នា និងសមភាព ដែលជាកត្តាចំបាច់ដើម្បីទ្រទ្រង់សន្តិភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងក្នុងតំបន់៕អត្ថបទបាន ចក់


