ប្រតិបត្តិករអាកាសយានដ្ឋានរបស់ទីក្រុងហុងកុង បាននិយាយថា យន្តហោះដឹកទំនិញមួយគ្រឿង ដែលហោះហើរមកពីទីក្រុងឌុយបៃ បានធ្លាក់ចេញពីផ្លូវរត់ហួសចូលទៅក្នុងសមុទ្រ អំឡុងពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិហុងកុង នៅព្រឹកថ្ងៃចន្ទ (២០ តុលា) នេះ ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាមានមនុស្ស ២នាក់ ស្លាប់ក្នុងហេតុការណ៍នោះ។

រូបថតដែលថតបានបន្ទាប់ពីឧបទ្ទវហេតុនេះ បង្ហាញឱ្យឃើញយន្តហោះដឹកទំនិញ ប៊ូអ៊ីង ៧៤៧ មួយគ្រឿង ជាមួយនឹងស្លាកឈ្មោះក្រុមហ៊ុន AirACT បានលិចក្នុងទឹកមួយផ្នែកនៅជិតច្រាំងសមុទ្ររបស់អាកាសយានដ្ឋាន ជាមួយនឹងពោងស្លាយរត់គេចខ្លួនពេលអាសន្នបានធ្លាក់ចេញមកក្រៅ ហើយផ្នែកខាងមុខ និងកន្ទុយយន្តហោះ ត្រូវខូចខាត។
អាកាសយានដ្ឋានហុងកុងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គលិកទាំង ៤នាក់ នៅលើយន្តហោះ ត្រូវបានជួយសង្គ្រោះ។ សារព័ត៌មាន South China Morning Post របស់ហុងកុង បានរាយការណ៍ដោយដកស្រង់សម្តីនគរបាលថា មនុស្ស ២នាក់បានស្លាប់ ហើយជនរងគ្រោះគឺជាអ្នកដែលនៅក្នុងយន្តហោះចតចោលក្បែរផ្លូវរត់ ដែលគេសង្ស័យថាត្រូវបុកដោយយន្តហោះដឹកទំនិញមួយនោះ។ យ៉ាងណាមិញ នគរបាលមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
អាកាសយានដ្ឋានអន្តរជាតិហុងកុងបាននិយាយថា ផ្លូវរត់ភាគខាងជើងនៅឯអាកាសយានដ្ឋានដឹកទំនិញដ៏មមាញឹកបំផុតរបស់ពិភពលោកមួយនេះ ត្រូវបានបិទបណ្ដោះអាសន្ន បន្ទាប់ពីឧបទ្ទវហេតុ ចំណែកផ្លូវរត់ភាគខាងត្បូង និងកណ្តាល នឹងនៅតែបន្តដំណើរការ។ នាយកដ្ឋានអាកាសចរណ៍ស៊ីវិលរបស់ហុងកុងបាននិយាយនៅថ្ងៃចន្ទដដែលថា យន្តហោះនេះបាន "រអិលចេញពីផ្លូវរត់ភាគខាងជើងបន្ទាប់ពីចុះចត រួចក៏ជ្រុលធ្លាក់ចូលក្នុងសមុទ្រ"៕



