កងទ័ពអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យ (១៩ តុលា) ថា បទឈប់បាញ់នៅតំបន់ហ្កាហ្សា បានបន្តទៅមុខជាថ្មី បន្ទាប់ពីការវាយប្រហារមួយបានសម្លាប់ទាហានរបស់ខ្លួន ២នាក់ និងបានជំរុញឱ្យមានរលកនៃការវាយប្រហារតាមច្រកអាកាស ដែលប៉ាឡេស្ទីននិយាយថា បានសម្លាប់មនុស្ស ២៦នាក់ នៅក្នុងការសាកល្បងដ៏តឹងតែងបំផុតនៃបទឈប់បាញ់សម្របសម្រួលដោយអាមេរិកនៅក្នុងខែនេះ។

ជាមួយគ្នានេះ ប្រភពសន្តិសុខអ៊ីស្រាអែលបាននិយាយថា លំហូរជំនួយទៅក្នុងតំបន់ហ៊ុមព័ទ្ធនោះក៏ត្រូវបានកំណត់ឱ្យបន្តឡើងវិញនៅថ្ងៃចន្ទ (២០ តុលា) នេះផងដែរ ក្រោយពីមានសម្ពាធរបស់អាមេរិក ភ្លាមៗបន្ទាប់ពីអ៊ីស្រាអែលបានប្រកាសផ្អាកគ្រឿងផ្គត់ផ្គង់ ជាការឆ្លើយតបទៅនឹងអ្វីដែលខ្លួននិយាយថាជាការរំលោភបំពានបទឈប់បាញ់ដោយក្រុមហាម៉ាស។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា បទឈប់បាញ់ដែលលោកបានសម្រុះសម្រួល នៅតែមានជាធរមានដដែល។ លោកបន្តថា ក្រុមមន្ត្រីអាមេរិក ជឿជាក់ថា ថ្នាក់មេដឹកនាំក្រុមហាម៉ាស ប្រហែលជាមិនពាក់ព័ន្ធនឹងការបំពានបទឈប់បាញ់ទេ ដែលនឹងត្រូវបាន "ដោះស្រាយយ៉ាងតឹងរ៉ឹង ប៉ុន្តែដោយភាពត្រឹមត្រូវបំផុត"។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា លោកបញ្ជាឱ្យយោធាឆ្លើយតបទាំងបង្ខំ ចំពោះអ្វីដែលលោកពិពណ៌នាថា ជាការរំលោភលើបទឈប់បាញ់ពីក្រុមហាម៉ាស។
យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានវាយគោលដៅក្រុមហាម៉ាស ទូទាំងតំបន់ហ្កាហ្សា រួមមាន មេបញ្ជាការ ខ្មាន់កាំភ្លើង ផ្លូវរូងក្រោមដី និងឃ្លាំងអាវុធ បន្ទាប់ពីពួកសកម្មប្រយុទ្ធបាញ់មីស៊ីលប្រឆាំងរថក្រោះ និងបើកការបាញ់ប្រហារលើកងទ័ពរបស់អ៊ីស្រាអែល ដោយសម្លាប់ទាហាន ២នាក់។
ការវាយប្រហារតាមច្រកអាកាសបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៦នាក់ ក្នុងនោះមានស្ត្រីម្នាក់ និងកុមារម្នាក់យ៉ាងហោចណាស់ នេះបើតាមអ្នកស្រុក និងអាជ្ញាធរសុខាភិបាល។ អ្នកស្រុកបាននិយាយថា យ៉ាងហោចណាស់មានការវាយប្រហារផ្លូវអាកាសមួយបានត្រូវចំអតីតសាលារៀនមួយកន្លែង ដែលបច្ចុប្បន្នសម្រាប់ជនភៀសខ្លួននៅក្នុងតំបន់ Nuseirat៕

