នៅពេលសម័យប្រជុំពេញអង្គលើកទី៤ ដ៏សំខាន់នៃគណៈកម្មាធិការមជ្ឈិមទី២០ នៃបក្សកុម្មុយនិស្តចិន (CPC) បានចូលមកដល់នៅថ្ងៃចន្ទ (២០ តុលា) នេះ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិបានលើកឡើងពីភាពធន់នឹងសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់ចិន និងតួនាទីរបស់ខ្លួនជាក្បាលម៉ាស៊ីនស្ថិរភាពសម្រាប់កំណើន និងកិច្ចសហប្រតិបត្តិការពិភពលោក ស្របពេលការប្រែប្រួលទិដ្ឋភាពសកលយ៉ាងឆាប់រហ័ស។

សម័យប្រជុំបក្សដ៏សំខាន់នេះកំពុងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២៣ ខែតុលា ដោយផ្តោតលើអនុសាសន៍សម្រាប់ការបង្កើតផែនការ ៥ឆ្នាំ លើកទី១៥ (ពោលគឺសម្រាប់ឆ្នាំ ២០២៦-២០៣០) សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ វដ្ដនៃផែនការ ៥ឆ្នាំរបស់ចិន បម្រើជាប្លង់មេដ៏ទូលំទូលាយសម្រាប់ការគូសវាសផែនទីវឌ្ឍនភាពសេដ្ឋកិច្ច និងសង្គម ដោយបញ្ជាក់ពីគោលដៅ យុទ្ធសាស្ត្រ និងអាទិភាព សម្រាប់រយៈពេលនៃផែនការនីមួយៗ។
ក្នុងសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះ លោក Dmitry Novikov អនុប្រធានទីមួយនៃគណៈកម្មាធិការសភារុស្ស៊ី ស្តីពីកិច្ចការអន្តរជាតិ បានបញ្ជាក់ពីសមិទ្ធិផលរបស់ចិន ក្រោមផែនការ ៥ឆ្នាំលើកទី១៤ (២០២១-២០២៥) ដោយសរសើរថា "ចិនសម្រេចបានសមិទ្ធិផលដ៏អស្ចារ្យ"។ ជាមួយគ្នានេះ លោក Takakage Fujita មន្រ្តីសមាគមមួយរបស់ជប៉ុន បាននិយាយថា ផែនការ ៥ឆ្នាំចុងក្រោយបំផុតរបស់ចិន បានពង្រឹងតួនាទីរបស់ខ្លួន ឱ្យក្លាយជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចពិភពលោក។
អ្នកសង្កេតការណ៍អន្តរជាតិទាំងនោះបានចង្អុលបង្ហាញថា ចិនក្លាយជាគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចសកលប្រកបដោយនិរន្តរភាព ហើយប្រាជ្ញា និងបទពិសោធន៍របស់ចិន បានផ្តល់នូវឯកសារយោងដ៏មានតម្លៃ និងកម្លាំងរុញច្រានសម្រាប់ប្រជាជាតិនានា ដែលកំពុងស្វះស្វែងរកផ្លូវអភិវឌ្ឍ ដែលសមស្របនឹងលក្ខខណ្ឌផ្ទាល់ខ្លួនរបស់ពួកគេ៕

