ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយនៅថ្ងៃចន្ទ (២០ តុលា) នេះថា ប្រទេសកូរ៉េខាងត្បូង នឹងប្ដេជ្ញាចិត្តលើ "ថវិកាធំជាងការរំពឹងទុក" នៅក្នុងការស្រាវជ្រាវផ្នែកការពារជាតិ និងលំហអវកាស រហូតដល់ឆ្នាំ២០៣០ ខណៈដែលខ្លួនកំពុងស្វះស្វែងឱ្យក្លាយជាឧស្សាហកម្មការពារជាតិដ៏ធំបំផុតទី៤ របស់ពិភពលោក។

លោក Lee បានគូសបញ្ជាក់ពីមហិច្ឆតាបែបនេះ នៅឯពិព័រណ៍អាវុធដ៏ធំបំផុតមិនធ្លាប់មានរបស់កូរ៉េខាងត្បូង គឺពិព័រណ៍យន្តហោះ និងការពារជាតិអន្តរជាតិ (ADEX) ទីក្រុងសេអ៊ូល ឆ្នាំ២០២៥ ជាទីដែលក្រុមហ៊ុននានាបានបង្អួតសព្វាវុធដ្រូន និងបញ្ញាសិប្បនិម្មិត AI ទំនើបៗ រាប់ចាប់ពីកាំភ្លើងបាញ់ផ្លោង រហូតដល់យានដ្រូនអត្តឃាត ដើម្បីបង្កើនការលក់វិស័យការពារបន្ថែមទៀតទៅកាន់ពិភពលោក។
គួរឱ្យដឹងថា កូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់ទី១០ ក្នុងការលក់អាវុធសកល គិតត្រឹមឆ្នាំ២០២៣ នេះបើយោងតាមទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ ស្តុកខុម (SIPRI) លើក្រុមហ៊ុនសព្វាវុធកំពូលទាំង១០០ របស់ពិភពលោក។
សព្វាវុធបានក្លាយទៅជាការនាំចេញដ៏លឿនបំផុតមួយរបស់កូរ៉េខាងត្បូង ជាពិសេសចាប់តាំងពីសង្រ្គាមរបស់រុស្ស៊ី លើអ៊ុយក្រែន ដោយទីក្រុងសេអ៊ូលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃរាប់ពាន់លានដុល្លារ ដោយលក់អ្វីៗគ្រប់យ៉ាង រាប់ចាប់ពីកាំភ្លើងបាញ់ផ្លោង និងគ្រឿងរំសេវ រហូតដល់មីស៊ីល និងនាវាចម្បាំង ទៅជុំវិញពិភពលោក៕


