លោកប្រធានាធិបតីអាមេរិក Donald Trump បានជំរុញប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ឱ្យលះបង់ទឹកដីមួយចំនួនទៅឱ្យប្រទេសរុស្ស៊ី ក្នុងអំឡុងកិច្ចប្រជុំដ៏តានតឹងមួយកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដែលបានធ្វើឱ្យគណៈប្រតិភូអ៊ុយក្រែនខកចិត្ត នេះបើយោងតាមមនុស្សពីររូប ដែលបានដឹងពីការពិភាក្សានោះ។

ប្រភពទាំងពីរដែលបានសុំមិនបញ្ចេញឈ្មោះបានបន្ថែមថា លោក Trump ក៏បានបដិសេធក្នុងការផ្តល់មីស៊ីលតម្រង់គោលដៅ Tomahawk សម្រាប់ការប្រើប្រាស់របស់អ៊ុយក្រែនផងដែរ និងបានគិតអំពីការផ្តល់ការធានាសន្តិសុខដល់ទាំងទីក្រុងគីវ ទាំងទីក្រុងមូស្គូ ដោយលើកឡើងថា គណៈប្រតិភូអ៊ុយក្រែនបានមានការភ័ន្តច្រឡំ ។
បន្ទាប់ពីជំនួបជាមួយលោក Zelenskyy លោក Trump បានអំពាវនាវជាសាធារណៈឱ្យមានបទឈប់បាញ់នៅលើខ្សែបន្ទាត់ជួរមុខបច្ចុប្បន្ន ជាជំហរមួយដែលប្រធានាធិបតីអ៊ុយក្រែនបន្ទាប់មកបានទទួលយកនៅក្នុងការអត្ថាធិប្បាយទៅកាន់ក្រុមអ្នកសារព័ត៌មាន។
មនុស្សទីបីបាននិយាយថា លោក Trump បញ្ចេញសំណើនោះ ក្នុងអំឡុងពេលកិច្ចប្រជុំបន្ទាប់ពីលោក Zelenskyy បាននិយាយថារូបលោកនឹងមិនសុខចិត្តប្រគល់ទឹកដីណាមួយទៅឲ្យទីក្រុងមូស្គូនោះទេ។
ប្រភពដដែលបាននិយាយថា កិច្ចប្រជុំបានបញ្ចប់ដោយមានការសម្រេចចិត្តរបស់លោក Trump ក្នុងការធ្វើកិច្ចព្រមព្រៀង ។ លោក Trump បានគូសបញ្ជាក់ជំហរនោះ នៅក្នុងសុន្ទរកថាទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យ៕

