មេដឹកនាំសភាមកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃអាទិត្យ ទី១៩ ខែតុលា បានរក្សាជំហររៀងៗខ្លួនលើសេចក្តីស្នើច្បាប់ចំណាយដែលអាចបើករដ្ឋាភិបាលឡើងវិញ ខណៈការបិទរដ្ឋាភិបាលបានឈានចូលដល់សប្តាហ៍ទី ៤ របស់ខ្លួន។

ថ្លែងក្នុងកម្មវិធី «សប្តាហ៍នេះ» របស់ប្រព័ន្ធផ្សព្វផ្សាយ ABC ប្រធានសភាសហរដ្ឋអាមេរិក លោក Mike Johnson បាននិយាយថា លោកគ្មានបំណងហៅសមាជិកសភាឱ្យត្រឡប់មកធ្វើការវិញទេ រហូតដល់រដ្ឋាភិបាលបើកដំណើរការឡើងវិញ។ លោកនិយាយថា «សមាជិកទាំងនេះ សំដៅទៅលើក្រុមអ្នកប្រជាធិបតេយ្យ ដែលកំពុងធ្វើសកម្មភាពដើម្បីផលចំណេញខាងនយោបាយ ហើយយើងត្រូវប្រើប្រាស់គ្រប់មធ្យោបាយដើម្បីឱ្យប្រាកដថាពួកគេធ្វើរឿងត្រឹមត្រូវ។

មេដឹកនាំសំឡេងភាគតិចនៅសភា លោក Hakeem Jeffries ដែលនិយាយក្នុងកម្មវិធីដូចគ្នាបាននិយាយថា ក្រុមប្រជាធិបតេយ្យនៅតែប្តេជ្ញាចិត្តចំពោះជំហររបស់ខ្លួន លើការឧបត្ថម្ភធនថែទាំសុខភាព និងបាននិយាយាថា ក្រុមនេះបើកចំហរក្នុងការចរចាជាមួយក្រុមសាធារណរដ្ឋ ប៉ុន្តែបាននិយាយថា គណបក្សសាធារណរដ្ឋ មិនបានធ្វើការទំនាក់ទំនងចាប់តាំងពីកិច្ចប្រជុំមួយនៅក្នុងការិយាល័យពងក្រពើ កាលពីមុនពេលការបិទរដ្ឋាភិបាលចាប់ផ្តើម។ ការអត្ថាធិប្បាយរបស់មេដឹកនាំទាំងពីរបានធ្វើឡើងលើរបាយការណ៍ដែលថារដ្ឋបាល លោក Trump នឹងបង្កកគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃ ១១ពាន់លានដុល្លារបន្ថែមទៀតនៅក្នុងរដ្ឋគ្រប់គ្រងដោយក្រុមប្រជាធិបតេយ្យដោយសារតែការបិទរដ្ឋាភិបាលនៅបន្ត។