ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានថ្លែងថា ប្រទេសចិន បានបើកចំហរទីផ្សារកាន់តែធំទៅៗ សម្រាប់ការនាំចេញកសិផលពីកម្ពុជា ទៅកាន់ប្រទេសចិន។
ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែងជាង ៩៣គីឡូម៉ែត្រ ពីខ្លាស្ទុះទៅរមាត ខេត្តក្រចេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងឲ្យដឹងទៀតថា ឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា បញ្ហាការត្រួតពិនិត្យចត្តាឡីស័កទៅលើផលិតផលមៀនប៉ៃលិន និងត្រីប្រាតាមអនឡាញ បានធ្វើឡើងរួចរាល់ហើយ។
សម្តេចតេជោ បន្តថា ត្រីប្រា និងមៀន ឬហៅតាង៉ែន ឬមៀនប៉ៃលិន នឹងត្រូវនាំចូលទៅប្រទេសចិន ទីផ្សារចិនកាន់តែបើកចំហរទៅៗ សម្រាប់ទទួលយកផលិតផលរបស់ខ្មែរ ខណៈដែលផលិតស្វាយ និងចេក បាននាំចេញទៅហើយ អញ្ចឹងចេក និងស្វាយ នៅខេត្តក្រចេះ ក៏អាចដាំបានសម្រាប់ការនាំចេញបានក្រៅពីការផ្គត់ផ្គងក្នុងស្រុក។
ទាក់ទងនឹងកានាំចេញផ្លែមៀនប៉ៃលិន និងត្រីប្រា ទៅកាន់ប្រទេសចិន អាជ្ញាធរពាក់ព័ន្ធប្រទេសចិន បានពិនិត្យតាមចម្ការ និងកសិដ្ឋានចិញ្ចឹមត្រី តាមអនឡាញ ដោយមានការគាំទ្រដោយ មន្រ្តីស្ថានទូតចិនប្រចាំនៅកម្ពុជា និងមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ក្រៅពីផលិតផលខាងលើនេះ កម្ពុជា ក៏កំពុងរៀបចំកសិផលសក្តានុពលផ្សេងទៀត មានដូចជា ទុរេន សំបុកត្រចៀកាំជាដើម ដើម្បីដាក់ស្នើសុំការត្រួតពិនិត្យបច្ចេកទេស និងលក្ខណតម្រូវដើម្បីនាំចេញទៅកាន់ប្រទេសចិន៕អត្ថបទ៖ បូរ៉ាវី


