រយៈពេលជិតមួយឆ្នាំបន្ទាប់ពីតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) បានចេញដីកាចាប់ខ្លួនលោក Netanyahu ជុំវិញការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមរួមទាំងការប្រើប្រាស់ទុរ្ភិក្សជាអាវុធនៃសង្គ្រាម នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនៅតែបន្តគំរាមកំហែងដល់ប្រជាជនប៉ាឡេស្ទីនដោយការរឹតត្បិតជំនួយ។ កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលអ៊ីស្រាអែល បានផ្អាកជាបណ្តោះអាសន្ននូវលំហូរជំនួយមនុស្សធម៌ ហើយច្រើនថ្ងៃមកនេះអ៊ីស្រាអែលបាននិងកំពុងបិទផ្លូវដឹកជញ្ជូនជំនួយ ដើម្បីដាក់សម្ពាធលើក្រុមហាម៉ាស ឱ្យកំណត់ទីតាំងនិងផ្ទេរសាកសពចំណាប់ថ្នូរដែលត្រូវបានសម្លាប់។ ការបិទផ្លូវជំនួយ ទំនងជាបំពានយ៉ាងច្បាស់លើបទឈប់បាញ់។ វាក៏ជាការបំពានលើច្បាប់មនុស្សធម៌អន្តរជាតិផងដែរ។

លក្ខន្តិកៈរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ហាមឃាត់ «ការប្រើប្រាស់ទុរ្ភិក្សលើជនស៊ីវិលជាវិធីសាស្រ្តនៃសង្គ្រាម ដោយកាត់ផ្តាច់ជំនួយដែលមិនអាចខ្វះបានសម្រាប់ការរស់រានមានជីវិតរបស់ពួកគេ រួមទាំងការបង្អាក់ការផ្គត់ផ្គង់ជំនួយដោយចេតនា ខណៈត្រូវបានផ្តល់នៅក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ»។ បន្ថែមលើនេះ ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបានសន្និដ្ឋាននៅក្នុងរបាយការណ៍មួយកាលពីខែមុនថា អ៊ីស្រាអែលកំពុងប្រើប្រាស់ភាពអត់ឃ្លានជាផ្នែកនៃយុទ្ធនាការប្រល័យពូជសាសន៍របស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា។ របាយការណ៍នេះនិយាយថា «ការប្រើប្រាស់ទុរ្ភិក្សរបស់អ៊ីស្រាអែល ជាវិធីសាស្រ្តនៃសង្រ្គាមតាមរយៈការហ៊ុមព័ទ្ធទាំងស្រុងនៅតំបន់ហ្កាហ្សាស្ទ្រីប ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កុមារ បណ្តាលឱ្យមានភាពអត់ឃ្លាន អត្រាខ្ពស់នៃកង្វះអាហារូបត្ថម្ភដ៏ស្រួចស្រាវ ការកើនឡើងហានិភ័យនៃការផ្ទុះឡើងជំងឺ ដូចជាជំងឺអាសន្នរោគនិងជំងឺរាគរូសជាប្រចាំ និងការស្លាប់លើសពីកម្រិតគួរឱ្យកត់សម្គាល់»។ ទោះបីជាមានបទឈប់បាញ់ក៏ដោយ អ៊ីស្រាអែលបានបន្តបិទផ្លូវជំនួយចូលទៅដល់តំបន់ហ្កាហ្សា ខណៈ បានបន្ទោសភាគីផ្សេងទៀត រួមទាំងក្រុមហាម៉ាស និងអង្គការសហប្រជាជាតិ ចំពោះវិបត្តិមនុស្សធម៌នៅក្នុងដែនដីនេះ។
