ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យ (ទី១៩ ខែតុលា) បានលើកឡើងថា បទឈប់បាញ់ នៅតំបន់ហ្កាហ្សា នៅតែធរមានដដែល បន្ទាប់ពីអ៊ីស្រាអែលបានធ្វើការវាយប្រហារបណ្ដាលឲ្យមានអ្នកបាត់ជីវិតយ៉ាងច្រើន នៅដែនដីនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ អ៊ីស្រាអែល បានអះអាងថា ខ្លួនបានបើកការវាយប្រហាររាប់សិបលើកទៅលើទីតាំងរបស់ក្រុមហាម៉ាស នៅភាគខាងត្បូងហ្កាហ្សា ជាអ្វីដែលបានកើតឡើងបន្ទាប់ពីបានចោទប្រកាន់ក្រុមសកម្មប្រយុទ្ធថា បានដាក់គោលដៅលើកងទ័ពរបស់ខ្លួន ដែលជា «ការរំលោភយ៉ាងធ្ងន់ធ្ងរ» លើបទឈប់បាញ់ទើបមានអាយុកាល ៩ថ្ងៃ។

នៅពេលត្រូវបានសួរដោយអ្នកសារព័ត៌មានថា តើបទឈប់បាញ់នៅតែធរមានដែរ ឬយ៉ាងណានោះ លោក Trump បានឆ្លើយតបថា «មែនហើយ វាគឺនៅតែធរមាន»។ ហើយលោកប្រធានាធិបតីអាមេរិករូបនេះ ដែលបានជួយសម្របសម្រួលដល់កិច្ចព្រមព្រៀងនេះ ក៏បានលើកឡើងផងដែរថា ថ្នាក់ដឹកនាំក្រុមហាម៉ាសមិនជាប់ពាក់ព័ន្ធនឹងការរំលោភបំពានណាមួយឡើយ ដោយជំនួសមកវិញបានបន្ទោសលើ «សមាជិកក្រុមឧទ្ទាមខ្លះនៅក្នុងក្រុម» នេះ។ លោក Trump បានសង្កត់ធ្ងន់ថា៖ «យើងចង់ធ្វើឲ្យបានប្រាកដថា វានឹងមានសន្តិភាព ជាមួយក្រុមហាម៉ាស។ វានឹងត្រូវបានដោះស្រាយយ៉ាងម៉ឹងម៉ាត់ ប៉ុន្តែត្រឹមត្រូវសមស្រប»។
ទីភ្នាក់ងារការពារជនស៊ីវិលរបស់តំបន់ហ្កាហ្សា បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៥នាក់ នៅកន្លែងផ្សេងៗនៃដែនដីនេះ។ មន្ទីរពេទ្យ ៤ នៅតំបន់ហ្កាហ្សា បានបញ្ជាក់ពីចំនួនអ្នកស្លាប់ចំនួន ៤៥នាក់ទៅកាន់បណ្ដាញសារព័ត៌មានមួយ ដោយប្រាប់ថា ពួកគេបានទទួលអ្នកស្លាប់ និងរបួស។
យោធាអ៊ីស្រាអែលបានឲ្យដឹងថា ខ្លួនកំពុងពិនិត្យមើលរបាយការណ៍អ្នកស្លាប់ និងរបួស។ ហើយកងទ័ពបានបញ្ជាក់ថា ខ្លួនបាន «ចាប់ផ្ដើមអនុវត្តបទឈប់បាញ់ជាថ្មី» កាលពីថ្ងៃអាទិត្យ ប៉ុន្តែបានប្តេជ្ញាថា នឹង «ឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភណាមួយលើកិច្ចព្រមព្រៀងនេះ»៕


