នៅពេលដែលអ្នកជួញដូរគ្រឿងញៀន ២នាក់ ដែលតាមសេចក្ដីរាយការណ៍ បានរួចរស់ជីវិតពីការវាយប្រហារដោយយោធាសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន នៅសមុទ្រការ៉ាអ៊ីព រឿងនេះបានធ្វើរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ត្រូវសម្រេចចិត្តថា តើត្រូវបញ្ជូនពួកគេត្រលប់ទៅប្រទេសដើមវិញ ឬស្វែងរកវិធី ដើម្បីបន្តឃុំពួកគេ។
គួរដឹងថា កាលពីខែមុន សហរដ្ឋអាមេរិក បានចាប់ផ្តើមយុទ្ធនាការវាយប្រហារ នៅតំបន់ការ៉ាអ៊ីព ដែលរដ្ឋបាលរបស់លោក Trump បានពិពណ៌នាថា ជា «ជម្លោះប្រដាប់អាវុធមិនមែនអន្តរជាតិ» ប្រឆាំងនឹងភេវកម្មពាក់ព័ន្ធនឹងគ្រឿងញៀន។

ប៉ុន្តែអ្នកជំនាញផ្នែកច្បាប់ មិនភ្ញាក់ផ្អើលនោះឡើយដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក បានជ្រើសរើសមិនប្រើពាក្យ «អ្នកទោសសង្រ្គាម» ដើម្បីពិពណ៌នាអ្នករស់រានមានជីវិតពីការវាយប្រហារ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍កន្លងមក ដោយយោធាអាមេរិក នៅនាវាផ្ទេរទំនិញ។
ប្រធានាធិបតីអាមេរិក លោក Trump បាននិយាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមកថា ជាជាងការឃុំខ្លួនពួកគេ សហរដ្ឋអាមេរិកបានបញ្ជូនពួកគេត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ។ ហើយអ្នកជំនាញផ្នែកច្បាប់បានលើកឡើងថា ចំណាត់ការនេះ ដែលត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មាន Reuters បានបង្ហាញថា សម្រាប់ពេលនេះ មន្ត្រីសហរដ្ឋអាមេរិក មិនចង់ដោះស្រាយបញ្ហាផ្លូវច្បាប់ ជុំវិញការឃុំខ្លួនដោយយោធា សម្រាប់អ្នកជួញដូរគ្រឿងញៀនដែលត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលប្រតិបត្តិការ នៅតំបន់ការ៉ាអ៊ីពឡើយ៕

