បេក្ខជនកណ្ដាលនិយម បានឈ្នះការបោះឆ្នោតប្រធានាធិបតីលើដែនដីស៊ីបខាងជើង ពោលគឺប៉ែកនៃសហគមន៍ទួរគី (Turk Cypriot) កាលពីថ្ងៃអាទិត្យ (ទី១៩ ខែតុលា) ដោយបានយកឈ្នះលើក្រុមប្រកាន់តឹង ដោយនេះជាការលទ្ធផលដ៏សំខាន់ដែលអាចជួយស្តារឡើងវិញនូវកិច្ចចរចា ជាមួយអង្គការសហប្រជាជាតិ (UN) ដែលជាប់គាំងដោយសារដំណើរការបង្រួបបង្រួមប្រទេសកោះស៊ីបឡើងវិញ។
អ្នកនយោបាយឆ្វេងនិយមកណ្តាល លោក Tufan Erhurman បានធ្វើដំណើរឆ្ពោះទៅកាន់ជ័យជម្នះនេះ ដោយទទួលបានសំឡេងឆ្នោត ៦២,៨ភាគរយ ពីអ្នកបោះឆ្នោតដែលបានទៅចុះឈ្មោះត្រឹមតែជាង ២១៨.០០០នាក់ ដោយបានយកឈ្នះអ្នកកំពុងកាន់តំណែងលោក Ersin Tatar ដោយសារការធ្វើយុទ្ធនាការ ពាក់ព័ន្ធនឹងការចាប់ផ្ដើមកិច្ចចរចាឡើងវិញ ជាមួយស៊ីបខាងត្បូង ពោលគឺប៉ែកនៃសហគមន៍ក្រិក (Greek Cypriot) អំពីអនាគតនៃប្រទេសកោះស៊ីប។

លោក Erhurman ដែលមានអាជីពជាមេធាវី បានសន្យាថា នឹងស្វែងរកដំណោះស្រាយសហព័ន្ធ ដែលគាំទ្រជាយូរមកហើយដោយ UN ដើម្បីបញ្ចប់ការបែកបាក់ជិត ៥០ឆ្នាំរបស់កោះនេះ។
លោក Tatar និងទួរគីដែលជាប្រទេសតែមួយគត់ទទួលស្គាល់ការផ្តាច់ខ្លួនរបស់ស៊ីបខាងជើង បានគាំទ្រគោលនយោបាយរដ្ឋ២ ដែលត្រូវបានច្រានចោលដោយស៊ីបខាងត្បូង។ លោក Tatar ដែលឡើងកាន់អំណាចក្នុងឆ្នាំ២០២០ ទទួលបានសំឡេងឆ្នោត ៣៥,៨ភាគរយ។
ប្រធានាធិបតីទួរគី លោក Tayyip Erdogan បានសាទរចំពោះជ័យជម្នះរបស់លោក Erhurman ដោយបានសរសើរការបោះឆ្នោតនេះថា ជាដំណើរការឆ្លុះបញ្ចាំងពីភាពចាស់ទុំខាងលទ្ធិប្រជាធិបតេយ្យរបស់ស៊ីបខាងជើង៕

