ការស្ទង់មតិ បានបង្ហាញថា ការគាំទ្រសាធារណៈ ដើម្បីឲ្យមានការបង្រួបបង្រួមប្រទេសកូរ៉េទាំង២ បានធ្លាក់ចុះដល់កម្រិតទាបបំផុត ៤៩ភាគរយ ដោយបាននេះជាលើកដំបូង គិតចាប់តាំងពីការស្ទង់មតិបានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៤ ដែលជាការបង្ហាញនូវការចាប់ផ្ដើមព្រងើយកន្តើយ ចំពោះកូរ៉េខាងជើងពីសំណាក់ប្រជាជានកូរ៉េខាងត្បូង។
វិទ្យាស្ថានកូរ៉េ ដើម្បីការបង្រួបបង្រួមជាតិ (Kinu) ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាល នៅថ្ងៃចន្ត (ទី២០ ខែតុលា) នេះ បានចេញផ្សាយលទ្ធផលនៃការស្ទង់មតិសាធារណៈប្រចាំឆ្នាំរបស់ខ្លួន ស្តីពីការបង្រួបបង្រួម និងកូរ៉េខាងជើង ដែលស្ថាប័នបានធ្វើជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤ មក។

ការស្ទង់មតិនេះត្រូវបានធ្វើឡើងតាមរយៈការសម្ភាសន៍ទល់មុខជាមួយមនុស្សពេញវ័យ ១.០០០នាក់ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។ នៅពេលត្រូវបានសួរថា «តើអ្នកគិតថា ការបង្រួបបង្រួម គឺចាំបាច់ដល់កម្រិតណា?» អ្នកឆ្លើយតប ៤៩ភាគរយ បាននិយាយថា វាគឺចាំបាច់ ដែលជាកម្រិតទាបបំផុត គិតចាប់តាំងពីការស្ទង់មតិ បានចាប់ផ្តើមកើតមាន ពោលគឺថយចុះ ៣,៨ភាគរយ ពីកម្រិត ៥២,៨ភាគរយ ក្នុងឆ្នាំ២០២៤។
ក្នុងរបាយការណ៍របស់ខ្លួន ស្តីពីការស្ទង់មតិនេះ វិទ្យាស្ថាន Kinu បានឲ្យដឹងថា៖ «វាហាក់ដូចជាកើតឡើងដោយសារអន្តរកម្មនៃកត្តាផ្សេងៗ ក្នុងនោះរួមទាំងឥទ្ធិពលពីការរៀបរាប់រឿងរ៉ាវផ្សេងៗរបស់កូរ៉េខាងជើង អំពីរដ្ឋអរិភាពចំនួន២ (កូរ៉េខាងត្បូង និងអាមេរិក) ការផ្តាច់ទំនាក់ទំនងអន្តរកូរ៉េដ៏យូរ និងស្ថានភាពនយោបាយ ក្នុងស្រុក»។ ស្ថប័ននេះ ក៏បានកត់សម្គាល់ផងដែរថា «ការថយចុះនៃតម្រូវការ សម្រាប់ការបង្រួបបង្រួម ត្រូវបានគេសង្កេតឃើញនៅគ្រប់ជំនាន់»។
ក្នុងការស្ទង់មតិនេះ អ្នកឆ្លើយសំណួរ ៦៣,២ភាគរយ ក៏បានយល់ស្របជាមួយនឹងសេចក្តីថ្លែងការណ៍ ដែលថា «ការបង្រួបបង្រួម គឺមិនចាំបាច់ទៀតទេ ដរាបណាកូរ៉េទាំង២ នៅតែអាចរួមរស់ជាមួយគ្នាដោយសន្តិវិធី»។ នេះគឺជាកម្រិតខ្ពស់បំផុត ចាប់តាំងពីវិទ្យាស្ថាន Kinu បានបង្កើតនូវសំណួរបែបនេះដំបូង នៅក្នុងការស្ទង់មតិឆ្នាំ២០១៦ របស់ខ្លួន។ ទន្ទឹមនឹងនេះ ១៩,៦ភាគរយ បានផ្តល់ការឆ្លើយតបអព្យាក្រឹត ហើយ ១៧,២ភាគរយ មិនយល់ស្រប៕
