លោកប្រធានាធិបតី Volodymyr Zelenskyy បាននិយាយថា ប្រទេសអ៊ុយក្រែនអាចនឹងនាំចូលឧស្ម័នតម្លៃប្រហែល ២ពាន់លានដុល្លារ ពីអឺរ៉ុប សហរដ្ឋអាមេរិក និងអាស៊ែបៃហ្សង់ នៅរដូវរងារនេះ បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធឧស្ម័នរបស់ខ្លួន ត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់រុស្ស៊ី។
យ៉ាងណាក្ដី លោកមិនបានបញ្ជាក់ពីកម្រិតនៃឧស្ម័នដែលអ៊ុយក្រែនគ្រោងនឹងទិញនោះទេ។ ទីក្រុងគីវ បានរំពឹងថា នឹងនាំចូលឧស្ម័នចំនួន ៤,៦ពាន់លានម៉ែត្រគូប (bcm) មុនពេលការវាយប្រហារជាបន្តបន្ទាប់របស់រុស្ស៊ី បានផ្ដល់ការខូចខាតយ៉ាងធ្ងន់ធ្ងរដល់វិស័យឧស្ម័នរបស់អ៊ុយក្រែន នៅដើមរដូវស្លឹកឈើជ្រុះនេះ។
ដោយសារតែការខូចខាតនេះ រដ្ឋមន្ត្រីថាមពល លោកស្រី Svitlana Hrynchuk បាននិយាយថា ការនាំចូលនឹងត្រូវបង្កើន ៣០ភាគរយ ខណៈដែលអ្នកវិភាគបានប៉ាន់ប្រមាណថា តម្រូវការនាំចូលឧស្ម័នសរុបមិនតិចជាង ៦,៣ពាន់លានម៉ែត្រគូបនោះឡើយ។

អំឡុងការអត្ថាធិប្បាយ នៅសន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យ (ទី១៩ ខែតុលា) ដែលត្រូវបានពិនិត្យយ៉ាងច្បាស់លាស់មុនផ្សព្វផ្សាយនៅថ្ងៃចន្ទនេះ លោក Zelenskyy បាននិយាយថា៖ «យើងរំពឹងថា នៅក្នុងស្ថានភាពដ៏លំបាកនេះ អ៊ុយក្រែនត្រូវតែត្រៀមស្វែងរកឧស្ម័នដែលមានតម្លៃ ២ពាន់លានដុល្លារ»។
លោកបានបន្ថែមថា រដ្ឋាភិបាលអ៊ុយក្រែនដែលមានបញ្ហាសាច់ប្រាក់ កំពុងពិភាក្សាជាមួយសម្ព័ន្ធមិត្តអន្តរជាតិ ដើម្បីប្រមូលថវិការ៉ាប់រងលើថ្លៃនៃការនាំចូលដែលត្រូវបង្កើននេះ ដោយប្រទេសខ្លះបានត្រៀមលក្ខណៈផ្តល់ជំនួយ ដែលរួមមានទាំងប្រាក់ឧបត្ថម្ភបន្ថែមពីប្រទេសន័រវែស ក្នុងខែមករាផងដែរ។
អ៊ុយក្រែនបានទិញរួចហើយនូវ LNG (ឧស្ម័នធម្មជាតិរាវ) របស់អាមេរិកប្រហែល ០,៥ពាន់លានម៉ែត្រគូប នៅឆ្នាំនេះ ប៉ុន្តែលោក Zelenskyy បាននិយាយថា រដ្ឋាភិបាលបានឈានដល់កិច្ចព្រមព្រៀង សម្រាប់បរិមាណបន្ថែម ប្រសិនបើចាំបាច់។ ជាធម្មតា ទីក្រុងគីវ ទទួលបានឧស្ម័នពីសហរដ្ឋអាមេរិក តាមរយៈស្ថានីយនានា ក្នុងប្រទេសប៉ូឡូញ ប៉ុន្តែបរិមាណថ្មី អាចចូលមកតាមរយៈប្រទេសក្រិក និងច្រករបៀង Transbalkan៕
