បាល់ទាត់៖ លោក Oriol Segura បានសម្ដែងនូវការពេញចិត្ត និងរីករាយជាខ្លាំង ក្រោយបានចូលរួមជាមួយព្រះខ័នរាជស្វាយរៀង ដែលជាបំណងប្រាថ្នារបស់ខ្លួនតាំងពីក្រោយចប់រដូវកាលឆ្នាំ២០២១។ គ្រូជំនួយសញ្ជាតិអេស្ប៉ាញរូបនេះបានអះអាងថា តាំងពីចប់រដូវកាលមុន រហូតមកទល់ពេលនេះ លោកបានប្រាថ្នាកចង់ចូលរួមជាមួយព្រះខ័នរាជស្វាយរៀង ហើយទីបំផុតលោកក៏បានសម្រេចនូវក្ដីស្រម៉ៃ ពិសេសលោកត្រូវបានថ្នាក់ដឹកនាំ ក្រុមការងារគ្រូ និងកីឡាករទាំងអស់ស្វាគមន៍យ៉ាងកក់ក្ដៅទៀតផង។
សម្រាប់ការងារចំពោះមុខ លោក Oriol រំពឹងថា នឹងនាំមកនូវបទពិសោធន៍ និងគំនិតថ្មីៗដើម្បីរួមចំណែកជួយក្រុមឲ្យល្អប្រសើរបន្ថែមទៀត ឆ្ពោះទៅសម្រេចគោលដៅ និងមហិច្ឆតានារដូវកាលថ្មីខាងមុខ។ លោកមានជំនឿចិត្តយ៉ាងមុតមាំថា ក្រុមរបស់ខ្លួននឹងអាចធ្វើបាន ព្រោះលោកចាត់ទុកព្រះខ័នរាជស្វាយរៀងគឺជាក្រុមលំដាប់កំពូលមួយនៅកម្ពុជា។ គួរដឹងថា លោក Oriol Segura ត្រូវបានក្លិបព្រះខ័នរាជស្វាយរៀងប្រកាសតែងតាំងលោកជាគ្រូជំនួយរបស់លោក Conor Nestor កាលពីថ្មីៗ។ មុនផ្ទេរទៅកាន់ទឹកដីក្លិបមានមូលដ្ឋាននៅខេត្ដស្វាយរៀង គ្រូបង្វឹកកាន់សញ្ញាបត្រ UEFA A-License ធ្លាប់មានបទពិសោធន៍ដឹកនាំក្លិបធំៗនៅកម្ពុជាមួយចំនួនរួចមកហើយ រួមមានឆ្នាំ២០១៦ លោកបានដឹកនាំក្លិបភ្នំពេញក្រោនមួយរយៈពេលខ្លីក្នុងនាមគ្រូបង្គោល មុនដឹកនាំក្រុមអង្គរថាយហ្គឺរ ៤ឆ្នាំចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ កន្លងទៅ៕
អត្ថបទ៖ លី ឈុនឡា