ប្រទេសកូរ៉េខាងត្បូងកំពុងបង្កើនវិធានការរឹតបន្តឹងសន្តិសុខរបស់ខ្លួន នៅទីក្រុងភាគអាគ្នេយ៍ Gyeongju ជាទីដែលត្រូវធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៃ សមាជិកចំនួន ២១ប្រទេស នាសប្តាហ៍ក្រោយ ដោយមានការហាត់សមលើទីលានជាក់ស្ដែងទ្រង់ទ្រាយធំ និងការដាក់ចេញនូវកម្រិតប្រុងប្រយ័ត្នខ្ពស់ ចំពោះអំពើភេរវកម្ម។
មន្ត្រីនគរបាល ក្រុម SWAT (អង្គភាពពិសេស) និងបុគ្គលិកឆ្មាំល្បាតឆ្នេរដែលមានចំនួនដល់ទៅ ១៨.៥០០នាក់ ព្រមទាំងឧបករណ៍ប្រឆាំងយានដ្រូន រថពាសដែក និងឧទ្ធម្ភាគចក្រ នឹងត្រូវបានរៀបចំដាក់ពង្រាយ នៅពេលដែលបណ្ដាមេដឹកនាំអន្តរជាតិជួបជុំគ្នា នៅទីក្រុង Gyeongju ជាទីក្រុងដ៏ស្ងប់ស្ងាត់ដែលល្បីល្បាញខាងទាក់ទាញទេសចរណ៍បេតិកភណ្ឌ។

ភាពសំខាន់ មានកម្រិតកាន់តែខ្ពស់បន្ថែមទៀត សម្រាប់កិច្ចប្រជុំកំពូលឆ្នាំនេះ ដែលគ្រោងធ្វើនៅថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ត្រូវបានរំពឹងថា នឹងប្រើប្រាស់ឱកាសនេះរៀបចំជំនួបលើកដំបូងជាមួយប្រធានាធិបតីចិន លោក Xi Jinping គិតចាប់តាំងពីការវិលត្រឡប់ទៅកាន់សេតវិមាន និងការបង្កជម្លោះពាណិជ្ជកម្ម រវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំង២។
ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែតុលា មេដឹកនាំឧស្សាហកម្មពិភពលោកប្រមាណ ១.៧០០នាក់ ក្នុងនោះរួមទាំងនាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang ក៏នឹងធ្វើទស្សនកិច្ចនៅទីក្រុងនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលនាយកប្រតិបត្តិ APEC ផងដែរ។
សមយុទ្ធសន្តិសុខជាច្រើន បានធ្វើឡើងនៅថ្ងៃចន្ទនេះ ដើម្បីជាការរៀបចំត្រៀម សម្រាប់កិច្ចប្រជុំដ៏ធំនេះ ដោយឆ្មាំល្បាតឆ្នេរធ្វើប្រតិបត្តិការស្វែងរកក្រោមទឹក ក្នុងបឹង Bomun Lake នៅចំណុចកណ្តាលនៃទីកន្លែងទេសចរណ៍ Bomun Tourist Complex ជាកន្លែងដែលព្រឹត្តិការណ៍សំខាន់ៗ និងសណ្ឋាគារប្រណីតៗ ប្រមូលផ្ដុំនៅទីនេះ៕
