នៅថ្ងៃចន្ទនេះ ក្រុមនគរបាលនីហ្សេរីយ៉ា បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករដែលបានជួបជុំគ្នានៅតាមដងផ្លូវនានានៅក្នុងរដ្ឋធានី Abuja ។
ក្រុមបាតុករទាំងនេះ នាំគ្នាតវ៉ាប្រឆាំងនឹងការឃុំខ្លួនមេដឹកនាំផ្តាច់ខ្លួនលោក Nnamdi Kanu ដែលប្រឈមនឹងការកាត់ទោសពីបទភេរវកម្ម ។
លោក Kanu ដែលកាន់សញ្ជាតិអង់គ្លេស បានដឹកនាំចលនាហាមឃាត់ប្រជាជនជនជាតិភាគតិច Biafra ដែលគាំទ្រការបំបែកខ្លួននៅតំបន់ភាគអាគ្នេយ៍នីហ្សេរីយ៉ា ជាទីដែលពលរដ្ឋភាគច្រើនជាក្រុមជនជាតិភាគតិច Igbo ។
នៅកណ្តាលទីក្រុង Abuja នគរបាលប្រដាប់ដោយអាវុធ បានល្បាតដោយមានកាណុងបាញ់ទឹក និងរថពាសដែក ហើយនិងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ជាទីដែលក្រុមបាតុករព្យាយាមជួបជុំគ្នា ។
ក្រុមអ្នកគាំទ្រលោក Kanu និយាយថា ការឃុំឃាំងរបស់លោកចាប់តាំងពីឆ្នាំ ២០២១រហូតមក ផ្តើមឡើងពីរឿងនយោបាយ ហើយពួកគេចង់ឲ្យដោះលែងរូបលោក ហើយនិងបញ្ចប់ការចោទប្រកាន់លោកពីបទភេរវកម្ម ។
លោក Kanu បានផ្តល់ចម្លើយគ្មានទោសចំពោះការចោទប្រកាន់នេះដែលនឹងនាំឲ្យលោកជាប់ពន្ធនាគារអស់មួយជីវិត ។
គួររំឭកថា មនុស្សជាង ១លាននាក់ បានស្លាប់នៅក្នុងសង្រ្គាមស៊ីវិលរយៈពេល ៣ឆ្នាំ ដែលបានចាប់ផ្តើមកាលពីឆ្នាំ ១៩៦៧ ៕