នៅថ្ងៃចន្ទនេះ រថយន្តដឹកប្រេងឥន្ធនៈ ស្បៀងអាហារ និងភួយទៅកាន់តំបន់ហ្កាហ្សា បានចាប់ផ្តើមធ្វើដំណើរឡើងវិញហើយចេញទីក្រុង Rafah ប្រទេសអេហ្ស៊ីប ។
ប្រភពសន្តិសុខអ៊ីស្រាអែល បានឲ្យដឹងថា ការចាប់ផ្តើមចែកចាយជំនួយឡើងវិញនេះ បានកើតមានឡើង បន្ទាប់ពីមានសម្ពាពពីសហរដ្ឋអាមេរិក ក្រោយអ៊ីស្រាអែលប្រកាសផ្អាកការផ្គង់ផ្គត់ ជាការឆ្លើយតបចំពោះអ្វីដែលពួកគេនិយាយថា វាគឺជាការបំពានបទឈប់បាញ់ដោយក្រុមហាម៉ាស ។
យោធាអ៊ីស្រាអែលនិយាយកាលពីថ្ងៃអាទិត្យថា បទឈប់បាញ់នៅហ្កាហ្សា បានចាប់ផ្តើមឡើងវិញ ក្រោយការវាយប្រហារសម្លាប់ទាហានរបស់ពួកគេ ២នាក់ និងបង្ខំឲ្យមានរលកនៃការវាយប្រហារដែលជនប៉ាឡេស្ទីននិយាយថា បានសម្លាប់មនុស្ស ២៦នាក់ ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា បទឈប់បាញ់ដែលលោករៀបចំឡើង នៅតែចូលជាធរមានដដែល ។
បទឈប់បាញ់ថ្មី បានចូលជាធរមានកាលពីថ្ងៃទី ១០ ខែតុលា កន្លងតៅ ដើម្បីបញ្ឈប់សង្រ្គាមរយៈពេល ២ឆ្នាំ ប៉ុន្តែរដ្ឋាភិបាលអ៊ីស្រាអែល និងក្រុមហាម៉ាស បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានបំពានបទឈប់បាញ់អស់រយៈពេលជាច្រើនថ្ងៃមកហើយ ៕