ដោយបញ្ជាក់នូវរបាយការណ៍របស់ទស្សនាវដ្តី Spiegel ប្រភពពីសភា បានប្រាប់សារព័ត៌មានរ៉យទ័រ នៅថ្ងៃចន្ទ (ទី២០ ខែតុលា) នេះថា រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius មានបំណងបញ្ជាទិញយន្តហោះចម្បាំង F-35 បន្ថែម ១៥គ្រឿងបន្ថែមទៀត ពីក្រុមហ៊ុនផលិត Lockheed Martin របស់សហរដ្ឋអាមេរិក។
ប្រភពនោះបាននិយាយថា អ្នករៀបចំផែនការនេះ រំពឹងថា យន្តហោះនេះនឹងមានតម្លៃប្រហែល ២,៥ពាន់លានអឺរ៉ូ (២,៩ពាន់លានដុល្លារ)។ នេះបើយោងតាមឯកសារសម្ងាត់ដែលត្រូវបានរៀបចំ សម្រាប់គណៈកម្មាធិការថវិការបស់រដ្ឋសភា។
ចំណែកប្រភពមួយទៀតដែលដឹងពីបញ្ហានេះ បានបញ្ជាក់ពីការពិភាក្សា ដើម្បីការទិញយន្តហោះបន្ថែមដោយមិនបានលើកឡើងពីចំនួនឡើយ។ ពាក់ព័ន្ធនឹងការលើកឡើងនេះ ក្រសួងការពារជាតិ នៅទីក្រុងប៊ែរឡាំង បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីនោះទេ។
គួរបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់បានបញ្ជាទិញរួចហើយនូវយន្តហោះចម្បាំងចំនួន ៣៥គ្រឿង ដែលផលិតដោយសហរដ្ឋអាមេរិក ដើម្បីយកមកជំនួសកងយន្តហោះចម្បាំងចាស់ៗ Tornado ចំនួន ៨៥គ្រឿងដែលគ្រោងនឹងដាក់ឲ្យលែងដំណើរការ។
យន្តហោះ F-35 នឹងជំនួសយន្តហោះចម្បាំង Tornado ក្នុងតួនាទីរបស់ពួកវា ក្នុងការបំពាក់គ្រាប់បែកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ដែលរក្សាទុកនៅប្រទេសអាល្លឺម៉ង់ ក្នុងករណីមានជម្លោះ៕