អ្នកស្រី Umm Al-Abed Al-Fayyumi គឺជាជនប៉ាឡេស្ទីនជម្លៀសខ្លួនមួយរូប និយាយថា អ្នកស្រីមានការព្រួយបារម្ភខ្លាំងណាស់ថា សង្រ្គាមនៅតំបន់ហ្កាហ្សា នឹងវិលត្រឡប់មកវិញ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោច ២៦នាក់ កាលពីថ្ងៃអាទិត្យ ។
យោធាអ៊ីស្រាអែលនិយាយកាលពីថ្ងៃអាទិត្យថា បទឈប់បាញ់នៅតំបន់ហ្កាហ្សា បានចាប់ផ្តើមឡើងវិញ ក្រោយការវាយប្រហារសម្លាប់ទាហានរបស់ពួកគេ ២នាក់ ជាហេតុនាំឲ្យមានរលកនៃការវាយប្រហារតាមច្រកអាកាស ។
យោធាអ៊ីស្រាអែលនិយាយថា ពួកគេបានវាយប្រហារគោលដៅរបស់ក្រុមហាម៉ាសនៅទូទាំងដែនដីបិទច្រកប៉ាឡេស្ទីនមួយនេះ រួមទាំងទីមេបញ្ជាការ ខ្មាន់កាំភ្លើង ផ្លូវរូងក្រោមដី និងឃ្លាំងស្តុកអាវុធ ក្រោយក្រុមជីវពលហាម៉ាសប្រើប្រាស់រ៉ុក្កែតប្រឆាំងរថក្រោះវាយប្រហារលើទាហានរបស់ពួកគេ ដោយបានសម្លាប់ទាហាន ២នាក់ ។
យោងតាមការអះអាងរបស់អ្នកស្រុក និងអាជ្ញាធរសុខភាពហ្កាហ្សា បានឲ្យដឹងថា ការវាយប្រហារនេះ បានសម្លាប់មនុស្សយ៉ាងហោច ២៦នាក់ រួមទាំងស្រ្តីម្នាក់ និងកុមារម្នាក់ផងដែរ ។
អ្នកស្រុកនិយាយថា ការវាយប្រហារមួយលើក ត្រូវចំអតីតសាលារៀនផ្តល់ជាទីជម្រកសម្រាប់ជនប៉ាឡេស្ទីនជម្លៀសខ្លួននៅតំបន់ Nuseirat ។
រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលលោក Israel Katz និយាយថា ខ្សែបន្ទាត់ពណ៌លឿងដែលកងកម្លាំងអ៊ីស្រាអែលដកចេញ ត្រូវបានគូស ហើយរាល់ការបំពានណាមួយលើបទឈប់បាញ់ ឬការប៉ុនប៉ងឆ្លងកាត់ខ្សែបន្ទាត់នេះ នឹងប្រឈមការបាញ់ប្រហារ ។
សូមបញ្ជាក់ថា បទឈប់បាញ់ថ្មី បានចូលជាធរមានកាលពីថ្ងៃទី ១០ ខែតុលា កន្លងតៅ ដើម្បីបញ្ឈប់សង្រ្គាមរយៈពេល ២ឆ្នាំ ប៉ុន្តែរដ្ឋាភិបាលអ៊ីស្រាអែល និងក្រុមហាម៉ាស បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានបំពានបទឈប់បាញ់អស់រយៈពេលជាច្រើនថ្ងៃមកហើយ ៕