បណ្ដាក្រុមហ៊ុនទូទាំងសកលលោក បានលើកឡើងពីការខាតបង់ច្រើនជាង ៣៥ពាន់លានដុល្លារ ដោយសារពន្ធគយរបស់សហរដ្ឋអាមេរិក អំឡុងពេលឈានទៅដល់ប្រាក់ចំណូលត្រីមាសទី៣ ប៉ុន្តែស្ថាប័នជាច្រើនកំពុងបន្ថយការព្យាករខាតបង់ដំបូងរបស់ពួកគេ ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗ បានបន្ទាបផលប៉ះពាល់ពន្ធរបស់លោកប្រធានាធិបតី Donald Trump ដោយនាំឱ្យចក្ខុវិស័យមានស្ថេរភាពឡើងវិញ នេះបើយោងតាមការវិភាគរបស់សារព័ត៌មានរ៉យទ័រ។

សង្រ្គាមពាណិជ្ជកម្មរបស់លោក Trump បានបង្កើនពន្ធអាមេរិកដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៣០មក ហើយលោកបានគំរាមជាប្រចាំនូវពន្ធបន្ថែមទៀត ប៉ុន្តែជារួម ភាពអាប់អួរដែលគ្របដណ្ដប់អាជីវកម្ម កំពុងតែស្រឡះឡើងវិញ ដែលអនុញ្ញាតឱ្យនាយកប្រតិបត្តិធ្វើការព្យាករពីការចំណាយ និងធ្វើផែនការបានងាយជាងមុន។
ការវិភាគរបស់រ៉យទ័រនៃសេចក្តីថ្លែងការណ៍សាជីវកម្ម ឯកសារនិយតកម្ម និងលទ្ធផលប្រាក់ចំណូលចន្លោះពីថ្ងៃទី១៦ ខែកក្កដា ដល់ថ្ងៃទី៣០ ខែកញ្ញា នៃស្ថាប័នរាប់រយកន្លែងបង្ហាញថា ក្រុមហ៊ុនរំពឹងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុពី ២១,០ពាន់លានដុល្លារ ទៅដល់ ២២,៩ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៥ និងផលប៉ះពាល់ជិត ១៥ពាន់លានដុល្លារទៀត ដែលត្រូវបានគណនាសម្រាប់ឆ្នាំ២០២៦។
ទឹកប្រាក់ខាតសរុបជាង ៣៥ពាន់លានដុល្លារនេះ ធៀបនឹងតួលេខ ៣៤ពាន់លានដុល្លារ ដែលគណនាក្នុងខែឧសភា ភ្លាមៗបន្ទាប់ពីពន្ធ "បដិការ" ខែមេសារបស់លោក Trump បានអង្រួនខ្សែច្រវាក់ផ្គត់ផ្គង់សកល។ តួលេខនេះភាគច្រើនក៏ដោយសារក្រុមហ៊ុនតូយ៉ូតា ដែលប៉ាន់ស្មានការខាតបង់ដល់ទៅ ៩,៥ពាន់លានដុល្លារ។ យ៉ាងណាមិញ ក្រុមហ៊ុនផ្សេងទៀតបន្ទាបការព្យាករខាតបង់របស់ពួកគេកាលពីមុន បន្ទាប់ពីលោក Trump ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្រិតទាបជាមួយប្លុកអឺរ៉ុប និងជប៉ុន។
ការឈឺចាប់គឺផ្តោតលើក្រុមហ៊ុនពឹងផ្អែកខ្លាំងលើប្រទេសដែលមិនចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក។ ជាឧទាហរណ៍ដូចជាក្រុមហ៊ុន Nike ដែលពឹងផ្អែកខ្លាំងលើអ្នកផ្គត់ផ្គង់ក្នុងវៀតណាម និងបណ្តាប្រទេសអាស៊ីផ្សេងទៀត ហើយសាជីវកម្មស្បែកជើង និងសម្លៀកបំពាក់កីឡារបស់អាមេរិកមួយនេះបានបង្កើនការប៉ាន់ប្រមាណខាតបង់កាលចុងខែមុន ដល់កម្រិត ១,៥ពាន់លានដុល្លារ ពីចំនួន ១ពាន់លានដុល្លារពីមុន៕

