ប្រធានាធិបតីអាមេរិកលោក Donald Trump បានព្រមានកាលពីថ្ងៃចន្ទ ២០ តុលា ថាក្រុមហាម៉ាសនឹងត្រូវបានកម្ទេចចោល ប្រសិនបើបំពានបទឈប់បាញ់ដ៏ផុយស្រួយជាមួយអ៊ីស្រាអែល ទោះអង្គការសហប្រជាជាតិ និងអ៊ីស្រាអែល បានអំពាវនាវឱ្យមានការអត់ធ្មត់ បន្ទាប់ពីចុងសប្តាហ៍នៃអំពើហិង្សាកើតឡើងជាថ្មីនៅតំបន់ហ្កាហ្សាក៏ដោយ។

លោក Trump បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯសេតវិមាន ខណៈទទួលដំណើរទស្សនកិច្ចនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ថា ពួកលោកបានធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាសរួចហើយ កិច្ចព្រមព្រៀងទាំងនោះនឹងប្រព្រឹត្តទៅយ៉ាងល្អ ។
តែបើពួកគេបំផ្លាញ នោះពួកលោកនឹងកម្ទេចពួកគេចោល ហើយបើពួកលោកសម្រេចចិត្តថានឹងធ្វើ នោះ ពួកគេនឹងត្រូវបានកម្ចាត់ចោល។
លោក Trump បាននិយាយថា កងទ័ពអាមេរិក នឹងមិនចូលរួមក្នុងប្រតិបត្តិការថ្មីណាមួយឡើយ ដោយសង្កត់ធ្ងន់ថា ប្រទេសរាប់សិបបានប្តេជ្ញាផ្ដល់កងទ័ពរួចហើយចំពោះកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិសម្រាប់តំបន់ហ្កាហ្សា។
លោក Trump បាននិយាយថា ក្រុមហាម៉ាស ឥឡូវនេះទន់ខ្សោយជាងមុន ហើយបានអះអាងថា អ៊ីរ៉ង់ ដែលជាអ្នកគាំទ្រក្នុងតំបន់ដ៏សំខាន់របស់ក្រុមនេះ ទំនងជាមិនធ្វើអន្តរាគមន៍ទេ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលកាលពីដើមឆ្នាំនេះ៕

