ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ (២០ តុលា) បានលើកឡើងថា លោកនឹងធ្វើទស្សនកិច្ចទៅប្រទេសចិន នៅដើមឆ្នាំក្រោយនេះ បន្ទាប់ពីបានទទួលការអញ្ជើញពីទីក្រុងប៉េកាំង ហើយក៏បញ្ជាក់ជាថ្មីថា លោករំពឹងថានឹងជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅកូរ៉េខាងត្បូង ដើម្បីសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្ម "យុត្តិធម៌" នៅចុងខែនេះ បើទោះបីជាមានជម្លោះពន្ធនាពេលថ្មីៗក៏ដោយ។

កាលពីសប្តាហ៍មុន ការវិលត្រឡប់ទៅរកសង្រ្គាមពាណិជ្ជកម្មពេញបន្ទុកហាក់ដូចជាជិតមកដល់ បន្ទាប់ពីចិនប្រកាសការទប់ស្កាត់ថ្មីលើការនាំចេញរ៉ែកម្ររបស់ខ្លួន ហើយលោក Trump បានគំរាមដំឡើងពន្ធបន្ថែមលើទំនិញចិនដល់ទៅ ១០០%។ យ៉ាងណាមិញ ថ្លែងកាលពីថ្ងៃចន្ទដដែលនោះ លោក Trump ហាក់ដូចជាទុកជម្លោះនេះនៅមួយឡែក ដោយនិយាយថា ចិន-អាមេរិក ត្រូវតែរីកចម្រើនជាមួយគ្នា។
ថ្លែងប្រាប់អ្នកយកព័ត៌មាននៅពេលជួបនាយករដ្ឋមន្ត្រីអូស្ត្រាលី — លោក Trump បាននិយាយថា លោករំពឹងថានឹងឈានដល់ "កិច្ចព្រមព្រៀងដ៏យុត្តិធម៌" ជាមួយទីក្រុងប៉េកាំង បន្ទាប់ពីជំនួបនៅកូរ៉េខាងត្បូង ដោយសង្កត់ធ្ងន់នូវជំនឿចិត្តរបស់លោកថា "បន្ទាប់ពីចាកចេញពីកូរ៉េខាងត្បូងរួច ... អាមេរិកនឹងកាន់តែមានទំនាក់ទំនងល្អជាមួយចិន" ។
លោក Trump ក៏លើកឡើងពីដំណើរទស្សនកិច្ចនៅអាស៊ីរបស់លោកក្នុងសប្តាហ៍នេះផងដែរ ដោយនិយាយថា "លោកនឹងនៅម៉ាឡេស៊ី ជប៉ុន ហើយនិងប្រទេសមួយចំនួនទៀត"។ គួរឱ្យដឹងថា ម៉ាឡេស៊ី គ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន នៃប្លុកអាស៊ីអាគ្នេយ៍ ដែលត្រូវរំពឹងថានឹងមានការចូលរួមដោយផ្ទាល់ពីលោក Trump និងគណៈប្រតិភូរបស់លោក៕

