បាល់ទាត់៖ លោក ខូវ ឆាយ អគ្គលេខាធិការសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានគោលការណ៍ចម្បងរបស់ក្លិបមិនមែនចង់បានជើងឯក ឬឈ្នះគ្រប់ការប្រកួតនោះទេ តែក្លិបចង់ឈ្នះចិត្តអ្នកគាំទ្រច្រើនជាង តាមរយៈជំរុញឲ្យកីឡាករខិតខំឲ្យអស់ពីសមត្ថភាព ប្រកបដោយសុជីវធម៌ និងមានវិជ្ជាជីវៈក្នុងនាមកីឡាករអាជីព។

លោកបានថ្លែងត្រង់ៗបែបនេះទៅកាន់ក្រុមការងារគ្រូ និងកីឡាករក្នុងឱកាសជប់លៀងត្រៀមរដូវកាលថ្មី ពិសេសការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជាឆ្នាំ២០២២ ដែលនឹងចូលមកដល់នាដើមខែមីនាខាងមុខ។ កម្មវិធីនេះរៀបចំដោយលោក ស៊ុផាឆ័យ វីរៈភូជង្គ ប្រធានគណៈកម្មការគ្រប់គ្រង និងទ្រទ្រង់សមាគមនៅសណ្ឋាគារសូហ្វីតែលកាលពីល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។ អគ្គលេខាធិការក្លិបដដែលបានគូសបញ្ជាក់ថា អ្វីដែលថ្នាក់ដឹកនាំចង់បានមិនផ្ដោត ១០០% លើការឈ្នះជើងឯកនោះទេ ព្រោះកីឡាតែងមានឈ្នះ-ចាញ់ តែអ្វីដែលជាគោលការណ៍សំខាន់របស់ក្លិបគឺត្រូវការឈ្នះចិត្តអ្នកគាំទ្រ លេងដោយសុជីវធម៌ Fair-Play និងប្រកាន់ភ្ជាប់នូវសីលធម៌ជាអ្នកកីឡា ដើម្បីក្លាយជាគំរូដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយ ក្នុងនាមក្រុមតំណាងឲ្យកងយោធពលខេមរភូមិន្ទ។
លោក ខូវ ឆាយ បានសង្កត់ធ្ងន់ថា ប្រសិនបើកីឡាករខិតខំអស់ពីសមត្ថភាព លេងដោយត្រឹមត្រូវមិនបង្កហិង្សា នោះលោកមានសុទិដ្ឋិនិយមថា លទ្ធផលទទួលបានក៏នឹងគាប់ប្រសើរផងដែរ ពិសេសដើម្បីឈានទៅសម្រេចគោលដៅរបស់ក្លិប ក្នុងរដូវកាលថ្មីឆ្នាំ២០២២ នេះ ដែលសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានកំណត់ទិសដៅស្វែងរកចំណាត់ថ្នាក់ Top-4 ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា៕
អត្ថបទ៖ លី ឈុនឡា