ប្រជាជនឥណ្ឌា រាប់លាននាក់បានប្រមូលផ្ដុំគ្នាយ៉ាងកុះករដើម្បីប្រារព្ធពិធីបុណ្យ ឌីវ៉ាលី (Diwali) តាមសាសនាហិណ្ឌូ កាលពីថ្ងៃចន្ទ (២០ តុលា) ខណៈចង្កៀង និងភ្លើងពណ៌ បានបំភ្លឺពេញលំនៅឋាន និងផ្លូវទូទាំងប្រទេស ដើម្បីប្រារព្ធបុណ្យដែលជានិមិត្តរូបតំណាងឱ្យជ័យជម្នះនៃពន្លឺលើភាពងងឹត។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បុណ្យ Diwali ក្នុងក្រុងញូវដែលី ត្រូវគ្របដណ្ដប់ដោយក្តីបារម្ភជុំវិញការបំពុលបរិយាកាស ដោយសារកាំជ្រួចភ្ញីឬផាវដែលដុតអបអរ តែងបញ្ចេញផ្សែងពុលទៅបរិយាកាស ដែលអាចចំណាយពេលច្រើនថ្ងៃដើម្បីរលាយបាត់ ស្របពេលរដូវកាលបំពុលខ្យល់ដ៏គ្រោះថ្នាក់។
បុណ្យ Diwali នេះមកពីពាក្យ "Deepavali" របស់ឥណ្ឌា មានន័យថា "ជួរនៃពន្លឺ" ជាធម្មតាត្រូវប្រារព្ធដោយការជួបជុំគ្នា និងដោះដូរអំណោយ។ កាលបរិច្ឆេទនៃពិធីបុណ្យគឺផ្អែកលើប្រតិទិនចន្ទគតិរបស់សាសនាហិណ្ឌូ ដែលជាធម្មតានៅចុងខែតុលា ឬដើមខែវិច្ឆិកា។ បុណ្យនេះត្រូវប្រារព្ធច្រើនបំផុតនៅទីក្រុង Ayodhya ក្នុងរដ្ឋ Uttar Pradesh ព្រោះសាសនិកហិណ្ឌូជឿថា អាទិទេព "រាម" បានប្រសូត្រនៅទីនោះ ហើយយាងមកវិញក្រោយនិរទេសខ្លួនអស់ ១៤ឆ្នាំ។ ប្រជាជននាំគ្នាអុជចង្កៀងលើដីដើម្បីស្វាគមន៍ការយាងមកវិញរបស់ព្រះរាម។
នៅព្រលប់ថ្ងៃអាទិត្យ ចង្កៀងជាង ២,៦លានសម្រាប់ ត្រូវអុជបំភ្លឺនៅមាត់ទន្លេ Saryu ក្នុងទីក្រុង Ayodhya។ ទីក្រុងដ៏វិសិដ្ឋនេះក៏ត្រូវបានបំពាក់ដោយភ្លើងពណ៌ ពន្លឺឡាស៊ែរ និងកាំជ្រួចភ្ញីនានា ខណៈអ្នកស្រុករាប់ម៉ឺននាក់បានអុជចង្កៀងតាមផ្ទះរៀងៗខ្លួន និងវិហារជាដើម៕




