ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ី បានរាយការណ៍ដោយដកស្រង់សម្តីរបស់ប្រធានចារកម្មសម្ងាត់ SVR របស់រុស្ស៊ី លោក Sergei Naryshkin ក្នុងថ្ងៃអង្គារ (២១ តុលា) នេះថា ភាពផុយស្រួយនៃសន្តិសុខពិភពលោក កំពុងតែកើតមានក្នុងកម្រិតមិនអាចប្រៀបផ្ទឹមបាន ចាប់តាំងពីសង្គ្រាមលោកលើកទី២មក ដែលទាមទារឱ្យមានឆន្ទៈសម្របសម្រួល ដើម្បីជៀសវាងជម្លោះពិភពលោកថ្មី។
RIA បានដកស្រង់សម្តីលោក Naryshkin ថា "ឥឡូវនេះ ពិភពលោកកំពុងជួបប្រទះនូវពេលវេលាដ៏ផុយស្រួយបំផុតសម្រាប់សន្តិសុខអន្តរជាតិ ចាប់តាំងពីសង្គ្រាមលោកលើកទី២មក ដែលជារយៈពេលនៃការផ្លាស់ប្តូរគុណភាពនៃសណ្ដាប់ធ្នាប់ពិភពលោក"។
លោក Naryshkin បាននិយាយទៀតថា មាន "ការតស៊ូយ៉ាងស្វិតស្វាញ" រវាងមហាអំណាចសកល និងតំបន់ដ៏ធំបំផុត ដើម្បីកំណត់ច្បាប់សណ្តាប់ធ្នាប់ពិភពលោកនាពេលអនាគត។ លោកបន្តថា "ភារកិច្ចរួម និងដ៏សំខាន់របស់គ្រប់គ្នាគឺត្រូវធានាថា ការសម្របខ្លួនទៅនឹងការពិតថ្មី អាចដំណើរការទៅមុខបានដោយគ្មានសង្រ្គាមធំនោះឡើយ ដូចដែលធ្លាប់កើតឡើងនៅដំណាក់កាលប្រវត្តិសាស្ត្រពីមុន"។
ប្រធានចារកម្មរូបនេះក៏បាននិយាយឡើងវិញនូវឃ្លាស្តង់ដាររបស់វិមានក្រឹមឡាំងថា "រដ្ឋបាលរបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy កំពុងរារាំងដំណើរការសន្តិភាពនៅក្នុងប្រទេសនេះ" — ទាំងដែររុស្ស៊ី ជាអ្នកចាប់ផ្តើមសង្គ្រាមនៅអ៊ុយក្រែន ដោយប្រតិបត្តិការយោធាពិសេសរបស់ខ្លួនក្នុងខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ៕