អឺរ៉ុប៖ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោក Josep Borrell បាននិយាយថា សហភាពអឺរ៉ុបកំពុងឆ្លងកាត់ពេលវេលាដ៏គ្រោះថ្នាក់បំផុតរបស់ខ្លួនចាប់តាំងពីសង្គ្រាមត្រជាក់មក ស្របពេលមានក្ដីបារម្ភពីការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែន។ លោក Borrell បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា យើងកំពុងនៅមានជីវិតនៅឡើយ តាមការយល់ឃើញរបស់ខ្ញុំ ពេលនេះជាពេលវេលាដ៏គ្រោះថ្នាក់បំផុតសម្រាប់សន្តិសុខនៅក្នុងតំបន់អឺរ៉ុប ចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់ទៅ។

ការអត្ថាធិប្បាយរបស់លោកមានឡើង ខណៈលោកប្រធានាធិបតីបារាំង Emmanuel Macron បានប្រាប់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ថា លោកនៅតែមានបំណងបញ្ចៀសការផ្ទុះសង្គ្រាម និងកសាងទំនុកចិត្តអំឡុងការបំពេញទស្សនកិច្ចទៅកាន់ទីក្រុង Moscow។ ដំណើរពេលនេះធ្វើឲ្យលោក Macron ក្លាយជាមេដឹកនាំជាន់ខ្ពស់ដំបូងរបស់លោកខាងលិច ដែលបានទៅបំពេញទស្សនកិច្ចទៅកាន់ទីក្រុង Moscow ចាប់តាំងពីរុស្ស៊ីចាប់ផ្ដើមប្រមូលផ្ដុំកងទ័ពទ្រង់ទ្រាយធំ នៅតាមព្រំដែនជាប់ជាមួយអ៊ុយក្រែន។ លោក Macron ដែលត្រូវគេរំពឹងថានឹងស្វែងរកគាំទ្រ ដើម្បីជាប់ឆ្នោតជាថ្មីម្ដងទៀតនៅខែមេសា បានប្រកាន់ជំហរជាអ្នកសម្របសម្រួលដ៏មានសក្ដានុពលលើបញ្ហានៅអ៊ុយក្រែន ដោយទីក្រុង Paris បង្ហាញមន្ទិលអំពីការព្យាករណ៍របស់ក្រុង Washington និងបណ្ដាមេដឹកនាំលោកខាងលិចដែលថា ការវាយប្រហាររបស់រុស្ស៊ីអាចនឹងកើតមាន។
យ៉ាងក៏ដោយមេដឹកនាំបារាំងរូបនេះបានប្រាប់លោកប្រធានាធិបតីរុស្ស៊ីថា លោកកំពុងស្វែងរកការឆ្លើយតបប្រកបដោយសារសំខាន់ ដែលជាសកម្មភាពដ៏ជាក់លាក់អនុញ្ញាតឲ្យយើងចៀសផុតពីសង្គ្រាមបាន និងកសាងទំនុកចិត្តដ៏រឹងមាំពោរពេញដោយស្ថិរភាព និងរូបរៀងច្បាស់លាស់។ លោក Macron នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែននៅថ្ងៃអង្គារនេះ សម្រាប់ជំនួបទល់មុខស្ដីពីវិបត្តិជាមួយប្រធានាធិបតី Zelenskyy។ ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានហៅការជជែកពិភាក្សាកាលពីថ្ងៃចន្ទជាមួយប្រធានាធិបតីបារាំង Emmanuel Macron នៅក្នុងវិមានក្រឹមឡាំងថា ជាការពិភាក្សាដ៏មានប្រយោជន៍ សំខាន់ និងដូចជាពាណិជ្ជកម្ម ហើយបានលើកឡើងថា គំនិតមួយចំនួនរបស់លោក Macron អាចបង្កើតបានជាមូលដ្ឋានគ្រឹះសម្រាប់ដំណាក់កាលរួមគ្នាបន្ថែមទៀត៕
អត្ថបទ៖ សុខមាន