បាល់ទាត់៖ ក្រុមបាល់ទាត់ជំរើសជាតិសេណេហ្កាល់បានវិលត្រលប់ មកប្រទេសកំណើតរបស់ខ្លួនវិញនៅថ្ងៃចន្ទម្សិលមិញ បន្ទាប់ពីគ្រងជើងឯកបាល់ទាត់ទ្វីបអាហ្វ្រិក Africa Cup of Nations ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្រោយយកឈ្នះជើងឯក ៧សម័យអេហ្ស៊ីបនៅវគ្គផ្តាច់ព្រ័ត្រ។

ប្រជាជន អ្នកគាំទ្របាល់ទាត់សេណេហ្កាល់បានទទួលស្វាគមន៍ក្រុមរបស់លោក Aliou Cisse នៅទីរដ្ឋធានី Dakar ប្រទេសសេណេហ្កាល់ដូចវីរបុរសចំពោះសមិទ្ធិផលដ៏អស្ចារ្យមួយនេះ។ សូម្បីប្រធានាធិបតីសេណេហ្កាល់លោក Macky Sall ក៏បានឈរចាំទទួលក្រុមសេណេហ្កាល់ផងដែរនៅឯព្រលានយន្តហោះ។ សេណេហ្កាល់ក្រោមការដឹកនាំរបស់គ្រូបង្វឹក Aliou Cisse បានទទួលរងការរិះគន់ខ្លាំងនៅពេលចាប់ផ្តើមព្រឹត្តិការណ៍ Africa Cup of Nations ដំបូងបន្ទាប់ពីឈ្នះតែ ១ប្រកួត និងស្មើ ២ប្រកួត មុនពេលទំលាក់កាប់វែរនៅវគ្គ ១៦ក្រុម ទំលាក់អេក្វាទ័រហ្គីណេនៅវគ្គ ៨ក្រុម និងទំលាក់បូគីណាហ្វាសូនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ រំលឹកថា សេណេហ្កាល់ធ្លាប់ឡើងវគ្គផ្តាច់ព្រ័ត្រ Africa Cup of Nations នេះពីរលើករួចមកហើយតែសុទ្ធតែចាញ់នៅវគ្គផ្តាច់ព្រ័ត្រដែលរួមមានឆ្នាំ២០០២ ចាញ់កាមេរូន និងឆ្នាំ២០១៩ ចាញ់អាល់ហ្សេរី៕
អត្ថបទ៖នាង សុភាវុធ