ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ (២០ តុលា) បានព្រមានជាថ្មីថា រដ្ឋបាលរបស់លោកអាចដាក់ពន្ធខ្ពស់រហូតដល់ ១៥៥% លើការនាំចូលរបស់ចិន ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា តទៅ ប្រសិនបើការចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរបរាជ័យ មិនអាចបង្កើតកិច្ចព្រមព្រៀងមួយបាន ស្របពេលការរំពឹងទុកយ៉ាងទូលំទូលាយនៃជំនួបមេដឹកនាំអាមេរិក-ចិន នៅកូរ៉េខាងត្បូង។

ថ្លែងនៅសេតវិមានបន្ទាប់ពីកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី — លោក Trump បាននិយាយថា ទីក្រុងប៉េកាំងបានបង្ហាញពី "ការគោរព" ទៅកាន់ទីក្រុងវ៉ាស៊ីនតោន បើទោះបីជាមានជម្លោះពាណិជ្ជកម្មដែលកំពុងបន្តក៏ដោយ និងកំពុងបង់ពន្ធច្រើនរួចទៅហើយលើការនាំចេញទៅកាន់សហរដ្ឋអាមេរិក។
លោកប្រធានាធិបតីរូបនេះបានបន្ថែមថា រដ្ឋបាលពីមុនបានអនុញ្ញាតឱ្យប្រទេសផ្សេងទៀតកេងចំណេញពីអាមេរិក លើពាណិជ្ជកម្ម ប៉ុន្តែសម័យកាលនេះបានចប់ហើយ។ លោក Trump បន្តថា "ប្រទេសជាច្រើនដើរខ្សែលើអាមេរិក ហើយពេលនេះ ពួកគេមិនអាចកេងចំណេញបានទៀតទេ។ ប្រទេសចិន កំពុងបង់ប្រាក់ ៥៥% ទៅហើយ និងលទ្ធភាពនៃពន្ធសរុប ១៥៥% កំពុងមកដល់ខែវិច្ឆិកា លើកលែងតែមានកិច្ចព្រមព្រៀងមួយ"។
ការបង្កើនហានិភ័យជាថ្មីនេះ បានកើតឡើងស្របពេលដែលលោក Trump បានបញ្ជាក់ថា លោកគ្រោងជួបលោកប្រធានាធិបតីចិន Xi Jinping នៅកូរ៉េខាងត្បូង ក្នុងប៉ុន្មានសប្តាហ៍ខាងមុខទៀត ដោយពណ៌នាពីទំនាក់ទំនងថា "ល្អណាស់" និងបង្ហាញក្តីសង្ឃឹមថា ភាគីទាំងពីរអាចឈានដល់ការរៀបចំពាណិជ្ជកម្មប្រកបដោយតុល្យភាព៕

