តម្លៃប្រេងបានបន្តធ្លាក់ចុះទៀតហើយសម្រាប់ថ្ងៃទីពីរជាប់ៗគ្នា ក្នុងថ្ងៃអង្គារ (២១ តុលា) នេះ ដោយសារការព្រួយបារម្ភពីការផ្គត់ផ្គង់លើសកម្រិត និងហានិភ័យចំពោះតម្រូវការបានដាក់បន្ទុកលើទីផ្សារ ដែលកើតចេញពីភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលជាអ្នកប្រើប្រាស់ប្រេងកំពូលទាំងពីររបស់ពិភពលោក។

តម្លៃភាគហ៊ុនប្រេងឆៅ Brent បានធ្លាក់ចុះ ១៧សេន ឬ ០,២៨% នៅតួលេខ ៦០,៨៤ដុល្លារ ក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល GMT ០៣:៤៣នាទី ទាបភ្លឺថ្ងៃអង្គារនេះ។ សន្ទស្សន៍ប្រេងឆៅ WTI របស់សហរដ្ឋអាមេរិក សម្រាប់ការចែកចាយខែវិច្ឆិកា ដែលនឹងផុតកំណត់នៅថ្ងៃអង្គារនេះ បានរអិលចុះ ០,៥២% ទៅតម្លៃ ៥៧,២២ដុល្លារ។ ចំណែកតម្លៃចែកចាយនៅខែធ្នូ របស់ WTI ក៏បានធ្លាក់ចុះ ១៩សេន ឬ ០,៣៣% ផងដែរ នៅតម្លៃ ៥៦,៨៣ដុល្លារ។
តម្លៃប្រែប្រួលមិនទៀងនេះ ដោយសារក្តីកង្វល់ពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច រាលដាលពីភាពតានតឹងនាពេលថ្មីៗនេះក្នុងជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន។ មូលហេតុមួយទៀតគឺដោយសារអង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងរុស្ស៊ី ដែលត្រូវគេស្គាល់ថាជា OPEC+ បានជំរុញផែនការបន្ថែមទិន្នផលប្រេងទៅកាន់ទីផ្សារ។
នេះបាននាំឱ្យអ្នកវិភាគព្យាករពីអតិរេកនៃប្រេងឆៅនៅឆ្នាំ២០២៥នេះ និងឆ្នាំបន្ទាប់ ដោយទីភ្នាក់ងារថាមពលអន្តរជាតិកាលពីសប្តាហ៍មុនបានព្យាករថា នឹងមានអតិរេកពិភពលោកជិត ៤លានបារ៉ែល ក្នុងមួយថ្ងៃ នៅឆ្នាំ២០២៦៕

