របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យ (១៩ តុលា) កន្លងទៅ បានឱ្យដឹងថា មូលនិធិសុខភាពសកលបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងពេល ១៥ឆ្នាំ ដោយសារសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបមួយចំនួនកាត់បន្ថយជំនួយបរទេស ដែលជំរុញឱ្យមានការព្រមានពីអ្នកជំនាញសុខភាពថា ពិភពលោកមិនអាចត្រៀមលក្ខណៈបានគ្រប់គ្រាន់ទេសម្រាប់ជំងឺរាតត្បាតនាពេលអនាគត ហើយស្ថាប័នសុខភាពពិភពលោក កំពុងរងផលប៉ះពាល់មិនធ្លាប់មានពីមុនមក។

នៅខែមករា ប្រធានាធិបតីអាមេរិក លោក Donald Trump បានដកប្រទេសនេះចេញពីអង្គការសុខភាពពិភពលោក (WHO) -- ដែលនឹងចូលជាធរមាននៅខែមករា ឆ្នាំ២០២៦-- បញ្ចប់ការបរិច្ចាគប្រចាំឆ្នាំ ៦៤០លានដុល្លារ ដល់ WHO និងកាត់កម្មវិធីជំនួយសុខភាពសំខាន់ៗ។ ចំណែកអឺរ៉ុប ៩ប្រទេស រួមទាំងម្ចាស់ជំនួយសំខាន់ៗ ក៏ដកថវិការបស់ពួកគេ ដោយលើកពីអាទិភាពការពារជាតិ និងសេដ្ឋកិច្ច។
យោងតាមវិទ្យាស្ថានវាស់ស្ទង់ និងវាយតម្លៃសុខភាព មានមូលដ្ឋាននៅអាមេរិក បានឱ្យដឹងថា មូលនិធិសុខភាពសកលជារួម បានធ្លាក់ចុះពី ៨០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ មកនៅក្រោម ៤០ពាន់លានដុល្លារ នៅឆ្នាំ២០២៥នេះ។ អាមេរិកបន្ថយការរួមចំណែករបស់ខ្លួន ៦៧% ឬច្រើនជាង ៩ពាន់លានដុល្លារ ខណៈចក្រភពអង់គ្លេស និងបារាំង បន្ថយប្រហែល ៤០% និង ៣៣% រៀងគ្នា។
អគ្គនាយក WHO លោក Tedros Ghebreyesus បានព្រមានថា ផែនការចាកចេញរបស់អាមេរិក អាចបណ្តាលឱ្យមនុស្សស្លាប់កាន់តែច្រើន។ លោកបន្ថែមថា ថវិការបស់ WHO សម្រាប់ពីរឆ្នាំខាងមុខ ត្រូវបន្ថយ ២០% ហើយបុគ្គលិកប្រហែល ៦០០នាក់ ក្នុងទីក្រុងហ្សឺណែវ កំពុងត្រូវបញ្ឈប់ពីការងារ ដែលជាការរុះរើទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន៕

