សហរដ្ឋអាមេរិក៖ មន្ត្រីជាន់ខ្ពស់មួយរូបរបស់មន្ទីរបញ្ចកោណបាននិយាយដោយព្រមានថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីអាចវាយដណ្ដើមយកទីក្រុងគៀវក្នុងពេល ៣ថ្ងៃដែលជាការលុកលុយពីសំណាក់កងទ័ពរបស់ខ្លួនចូលអ៊ុយកែន ខណៈភាពតានតឹងរវាងអតីតសាធារណរដ្ឋសូវៀតនៅតែបន្តឡើងកម្ដៅខ្លាំង។

នៅក្នុងរបាយការណ៍មួយកាលពីថ្ងៃអាទិត្យបណ្ដាញសារព័ត៌មានអាមេរិក Fox News បានអះអាងថា អគ្គសេនាធិការចម្រុះអាមេរិកលោកឧត្ដមសេនីយ៍ Mark Milley បានបង្ហើបពីការប្រុងប្រយ័ត្នដល់តំណាងរាស្ត្រ អំពីអំណាចយោធាដ៏ខ្លាំងក្លារបស់យោធាក្រុង Moscow អំឡុងរាយការណ៍ព័ត៌មានបិទទ្វារកាលពីសប្ដាហ៍មុន។ យោងតាមសារព័ត៌មាន Fox News ខាងលើដែលដកស្រង់ពីប្រភពជាច្រើនពីសភាអាមេរិកលោក Milley បានប៉ាន់ប្រមាណថា ការឈ្លានពានពេញបន្ទុករបស់រុស្ស៊ីចូលអ៊ុយក្រែន អាចធ្វើឲ្យទីក្រុងគៀវដួលរលំនៅក្នុងរយៈពេល ៧២ម៉ោង ហើយអាចឆក់យកអាយុជីវិតទាហានអ៊ុយក្រែនប្រមាណ ១៥,០០០នាក់ និងអាយុជីវិតកងទ័ពរុស្ស៊ីប្រមាណ ៤,០០០នាក់។
សមាជិកសភាមួយចំនួននៅក្នុងជំនួបដែលត្រូវបានគេនិយាយថា បានកើតឡើងកាលពីថ្ងៃទី២ និងទី៣ មករាកន្លងទៅបានបង្ហាញក្ដីបារម្ភថា ក្រុង Washington ពុំបានផ្ដល់ការឆ្លើយតបឆាប់រហ័សដើម្បីជួយដល់អ៊ុយក្រែន ជាជំនួយយោធាដូចជារ៉ូកែតប្រឆាំងយន្តហោះ និងប្រព័ន្ធជើងទម្របាញ់រ៉ូកែតដែលនឹងជួយទប់ស្កាត់ការឈ្លានពានពីរុស្ស៊ី ខណៈដែលក្រុមមន្ត្រីបានលើកឡើងថា ក្រុង Moscow អាចប្រើសកម្មភាពដឹកអាវុធជាមូលដ្ឋានសម្រាប់បើកការវាយប្រហារ៕
អត្ថបទ៖ សុខមាន