កម្រិតនៃកង្វក់ខ្យល់នៅក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌាបានថយចុះនៅថ្ងៃអង្គារ ទី២១ ខែតុលានេះ មួយថ្ងៃបន្ទាប់ពីពិធីបុណ្យប្រទីប Diwali របស់សាសនាហិណ្ឌូ ដោយមនុស្សជាច្រើនបានបំពានលើបទដ្ឋានការដុតផាវ ដែលបង្កើតឲ្យមានស្រទាប់ផ្សែងអ័ព្ទដ៏ក្រាស់។

វិមានអនុស្សាវរីយ៍សង្រ្គាមច្រកទ្វារឥណ្ឌា និងប្រាសាទ Akshardham ក្នុងទីក្រុងដែលី ត្រូវបានគ្របដណ្ដប់ដោយផ្សែងអ័ព្ទពុល ខណៈរូបភាពពីយានដ្រូនបង្ហាញពីផ្ទៃមេឃពេញដោយផ្សែងអ័ព្ទ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងដែលី បានអនុវត្តផែនការសកម្មភាពឆ្លើយតបកម្រិតខ្ពស់ (GRAP) ការរឹតត្បិតកម្រិត២ ដើម្បីទប់ស្កាត់ការកើនឡើងកង្វក់ខ្យល់។ ផែនការសកម្មភាពនេះ គឺជាវិធានការបន្ទាន់ដែលត្រូវបានរៀបចំដើម្បីដោះស្រាយស្ថានភាពគុណភាពខ្យល់ធ្ងន់ធ្ងរនៅក្នុងទីក្រុង។
កាលពីសប្តាហ៍មុនតុលាការកំពូលប្រទេសឥណ្ឌា បានបន្ធូរបន្ថយបម្រាមលើការដុតផាវនៅក្នុងទីក្រុង ដោយអនុញ្ញាតឱ្យប្រើប្រាស់អ្វីដែលគេហៅថា «ផាវព័ណ៌បៃតង» រយៈពេលអតិបរមាបីម៉ោងនៅថ្ងៃអាទិត្យ ទី១៩ និងថ្ងៃច័ន្ទ ទី២០ ខែតុលា ជាការសម្រេចមួយបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកការពារបរិស្ថាន ខណៈការដុតផាវត្រូវបានគេឃើញដុតនៅក្រៅម៉ោងកំណត់។ ការបំភាយចេញពីផាវទាបជាង៣០% ទៅ៥០% នៃកាំជ្រួចធម្មតា។

