ក្រុមជំនួយដែលរងការរិះគន់ច្រើនគ្រប់គ្រងដោយអ្នកម៉ៅការសន្តិសុខអាមេរិក និងដែលគាំទ្រដោយអ៊ីស្រាអែល បានផ្អាកប្រតិបត្តិការរបស់ខ្លួន នៅតំបន់ហ្កាហ្សាស្ទ្រីប ខណៈដែលបទឈប់បាញ់ ចាប់ផ្ដើមចូលធរមាន ហើយទីភ្នាក់ងារអន្តរជាតិផ្សេងទៀតរួសរាន់ផ្គត់ផ្គង់ដែនដីដែលជួបនឹងការលំបាកធ្ងន់ធ្ងរ ជាមួយនឹងរថយន្តដឹកទំនិញធំៗ។
មូលនិធិមនុស្សធម៌ហ្កាហ្សា (GHF) ដែលធ្លាប់ត្រូវបានជំរុញដោយអ៊ីស្រាអែលជាជម្រើសមួយ ដើម្បីជួយដល់ប្រព័ន្ធជំនួយដឹកនាំដោយអង្គការសហប្រជាជាតិ (UN) នៅក្នុងដែនដីនេះ កំពុងអស់ថវិកា ហើយប្រឈមនឹងឧបសគ្គផ្នែកដឹកជញ្ជូនយ៉ាងធ្ងន់ធ្ងរ ក្នុងការចាប់ផ្ដើមការងាររបស់ខ្លួនឡើងវិញ។
ក្រុមនេះស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងខ្លាំងពីអង្គការជំនួយអន្តរជាតិ ក្នុងរយៈពេល ៦ខែចុងក្រោយនេះ ដោយត្រូវបានចោទប្រកាន់ថា បានដំណើរការប្រព័ន្ធបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាជនប៉ាឡេស្ទីនដែលបានទៅយកជំនួយ។

អ៊ីស្រាអែលបានគាំទ្រប្រព័ន្ធចែកចាយថ្មីដំណើរការដោយ GHF ដោយមានបំណងធ្វើឲ្យក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីនចុះខ្សោយ ដោយការរាំងខ្ទប់ជំនួយកុំឲ្យធ្លាក់ទៅក្នុងដៃរបស់ក្រុមនេះ។ ប៉ុន្តែសូម្បីតែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានទទួលស្គាល់នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News កាលពីខែកញ្ញាថា មិនទទួលបានជោគជ័យ។ លោកបាននិយាយថា «គួរឲ្យសោកស្ដាយណាស់ វាមិនដំណើរការឡើយ តែលោកបានស្តីបន្ទោសក្រុមហាម៉ាស។
ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការ នៅក្នុងខែឧសភា GHF បានចែកចាយអាហាររាប់លានប្រអប់ដល់ប្រជាជន នៅតំបន់ហ្កាហ្សា។ ប៉ុន្តែវាក៏បានធ្វើឲ្យប្រជាជនប៉ាឡេស្ទីនដែលកំពុងស្វែងរកជំនួយស្ថិតនៅស្ថានភាពគ្រោះថ្នាក់ដែរ ដោយខ្លះត្រូវបានការពារដោយកងកម្លាំងយោធាអ៊ីស្រាអែល ដែលពេលខ្លះបានបាញ់ប្រហារទៅលើជនជាតិប៉ាឡេស្ទីនជាទម្រង់គ្រប់គ្រងហ្វូងមនុស្សបណ្ដាលឲ្យមានអ្នកស្លាប់ច្រើន។ ហើយបើយោងតាមក្រសួងសុខាភិបាលរបស់តំបន់នេះ ដែលថ្នាក់ដឹកនាំរបស់ស្ថាប័ន ត្រូវបានតែងតាំងដោយក្រុមហាម៉ាស បានឲ្យដឹងថា មនុស្សរាប់រយនាក់ត្រូវបានសម្លាប់៕


