ប្រទេសកូឡុំប៊ី កាលពីថ្ងៃចន្ទ (ទី២០ ខែតុលា) បានឲ្យដឹងថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនពីទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកនឹងដំឡើងពន្ធលើប្រជាជាតិអាមេរិកខាងត្បូងមួយនេះ និងបញ្ឈប់ការផ្ដល់មូលនិធិទាំងអស់ទៅឲ្យប្រទេសនេះ ដោយធ្វើឲ្យកាន់តែឡើងកម្ដៅខ្លាំងទៅៗ នៅក្នុងជម្លោះដែលកើតចេញពីការវាយប្រហារដោយយោធាអាមេរិកលើនាវាដែលសង្ស័យថា ដឹកគ្រឿងញៀន។

លោក Trump ក៏បានហៅប្រធានាធិបតីឆ្វេងនិយមរបស់ប្រទេសកូឡុំប៊ី លោក Gustavo Petro ថា ជា «មេគ្រឿងញៀនខុសច្បាប់» កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក ដែលរដ្ឋាភិបាលរបស់លោក Petro បានចាត់ទុកការលើកឡើងនេះថា ជាការប្រមាថ ដោយនេះបានធ្វើឲ្យធ្លាក់ដល់កម្រិតទាបថ្មី នៅក្នុងទំនាក់ទំនង រវាងទីក្រុង Bogota និងវ៉ាស៊ីនតោន។
ក្រសួងការបរទេសកូឡុំប៊ី បានឲ្យដឹងថា៖ «លោក Daniel Garcia-Pena ឯកអគ្គរដ្ឋទូតកូឡុំប៊ី ប្រចាំនៅសហរដ្ឋអាមេរិក ត្រូវបានកោះហៅដោយប្រធានាធិបតីលោក Gustavo Petro ហើយឥឡូវនេះ កំពុងស្ថិតនៅក្នុងទីក្រុង Bogota។ នៅប៉ុន្មានម៉ោងខាងមុខនេះ រដ្ឋាភិបាលនឹងជូនដំណឹង អំពីការសម្រេចចិត្តដែលបានធ្វើឡើងនេះ»។
គួរបញ្ជាក់ថា លោក Petro បានជំទាស់នឹងការវាយប្រហាររបស់យោធាអាមេរិកលើនាវា នៅតំបន់ការ៉ាអ៊ីព ដែលបានសម្លាប់មនុស្សរាប់សិបនាក់ និងធ្វើឲ្យមានភាពតានតឹងនៅក្នុងតំបន់។ អ្នកជំនាញច្បាប់ និងសកម្មជនសិទ្ធិមនុស្សជាច្រើននាក់ ក៏បានថ្កោលទោសសកម្មភាពយោធានេះដែរ។
លោក Trump បាននិយាយថា ជំនួយហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកផ្ដល់ឲ្យកូឡុំប៊ី នឹងត្រូវកាត់ផ្តាច់ ហើយព័ត៌មានលម្អិត អំពីអត្រាពន្ធថ្មី នឹងត្រូវបង្ហាញនៅថ្ងៃចន្ទ ប៉ុន្តែវាមិនច្បាស់នោះទេថា អ្វីជាការផ្តល់មូលនិធិដែលលោក Trump សំដៅដល់នោះ៕
