ទូសព្ទ iPhone 17 ស៊េរីរបស់ក្រុមហ៊ុន Apple បានបង្ហាញពីដំណើរការលក់ខ្លាំងក្លាជាង iPhone 16 ស៊េរី កាលពីឆ្នាំមុន ដែលត្រូវបានជំរុញដោយការលក់កើនឡើងនៅប្រទេសចិន និងតម្រូវការដ៏រឹងមាំក្នុងសហរដ្ឋអាមេរិក។
ក្រុមហ៊ុនស្រាវជ្រាវ Counterpoint បានរាយការណ៍ថា ទូរសព្ទ iPhone 17 ស៊េរី ដំណើរការលក់បានប្រសើរជាង iPhone 16 ចំនួន ១៤ភាគរយ សម្រាប់ការលក់ឯកតា ក្នុងអំឡុងពេល ១០ថ្ងៃដំបូងនៃការដាក់លក់ នៅលើទីផ្សារនៃប្រទេសធំៗទាំង២។

នៅប្រទេសចិន ម៉ូដែលមូលដ្ឋាន iPhone 17 បានកើនឡើងជិត ២ដងនៃការលក់ឯកតា បើធៀបនឹងម៉ូដែលមូលដ្ឋាន iPhone 16 ក្នុងរយៈពេលនៃការដាក់លក់ដូចគ្នា។ នៅទូទាំងទីផ្សារនៃប្រទេសទាំង២ ការលក់វ៉ារ្យ៉ង់មូលដ្ឋានបានកើនឡើង ៣១ភាគរយ។ តួលេខនេះឆ្លុះបញ្ចាំងពីការទទួលស្គាល់កាន់តែខ្លាំងក្លា សម្រាប់ទូរសព្ទជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Apple បន្ទាប់ពីបានបើកដំណើរការដាក់លក់ជាសកល នៅក្នុងខែកញ្ញា។
ហើយជាមួយគ្នានេះ ភាគហ៊ុនរបស់ក្រុមហ៊ុន បានហក់ឡើងជាង ៤ភាគរយ ពោលគឺដល់តម្លៃប្រហែល ២៦៣ដុល្លារ ក្នុង ១ហ៊ុន ដែលនាំឲ្យតម្លៃរបស់ក្រុមហ៊ុន Apple ខ្ពស់ដល់ជិត ៤សែនកោដិដុល្លារ។ អ្នកវិភាគ បានលើកឡើងថា តម្លៃហ៊ុនហក់ឡើងនេះបានឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិន លើសមត្ថភាពរបស់ក្រុមហ៊ុន Apple ក្នុងការរក្សាកំណើនរហូតដល់ត្រីមាសនៅក្នុងខែធ្នូ ដែលជាធម្មតាជារយៈពេលនៃការលក់ដ៏មមាញឹកបំផុតរបស់ក្រុមហ៊ុន៕

