បណ្ដាមេដឹកនាំអឺរ៉ុប ក្នុងនោះរួមទាំងមកពីចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុប (EU) បានចេញសេចក្តីថ្លែងការណ៍រួមមួយជាមួយអ៊ុយក្រែន នៅថ្ងៃអង្គារ (ទី២១ ខែតុលា) នេះ គាំទ្រការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump សម្រាប់ការមានបទឈប់បាញ់ នៅត្រឹមសមរភូមិបច្ចុប្បន្ន។
សេចក្តីថ្លែងការណ៍នោះបានរៀបរាប់ថា៖ «យើងគាំទ្រយ៉ាងខ្លាំង ចំពោះជំហររបស់លោកប្រធានាធិបតី Trump ដែលការប្រយុទ្ធគួរតែបញ្ឈប់ភ្លាមៗ ហើយថា ទីតាំងឈរជើងបច្ចុប្បន្ន គួរតែជាចំណុចចាប់ផ្តើមនៃការចរចា»។

លោក Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កំពុងគ្រោងនឹងជួបប្រជុំគ្នា នៅទីក្រុង Budapest ជារដ្ឋធានីនៃប្រទេសហុងគ្រី ដែលជាសមាជិករបស់អង្គការណាតូ (NATO) និង EU ដែលបានបន្តរក្សាទំនាក់ទំនងដ៏កក់ក្តៅជាមួយទីក្រុងមូស្គូ ពេញមួយសង្រ្គាមនៅអ៊ុយក្រែននេះ។
កន្លងមក រុស្ស៊ីបានទាមទារឲ្យអ៊ុយក្រែនប្រគល់ដែនដីបន្ថែមទៀត មុនពេលមានបទឈប់បាញ់ ខណៈអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន បានអំពាវនាវជាយូរមកហើយ ឲ្យបញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់ ដើម្បីឲ្យកិច្ចពិភាក្សាអាចកើតឡើងបាន។
លោក Trump បានអំពាវនាវឲ្យមានបទឈប់បាញ់នៅត្រឹមស្ថានភាពបច្ចុប្បន្ន បន្ទាប់ពីបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅសេតវិមាន កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងមក។
សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា បណ្ដាមេដឹកនាំអឺរ៉ុប នឹងជួបជុំគ្នានៅចុងសប្តាហ៍នេះ នៅឯកិច្ចប្រជុំកំពូលរបស់ EU និងក្នុងទម្រង់នៃ «សម្ព័ន្ធឆន្ទៈរួម» របស់បណ្តាប្រទេសដែលគាំទ្រអ៊ុយក្រែន។ លោក Zelenskyy នឹងចូលរួមក្នុងកិច្ចប្រជុំចម្រុះនៃកិច្ចប្រជុំឆន្ទៈរួមនេះ នៅថ្ងៃសុក្រ ក្នុងទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស៕
