តុលាការស្លូវ៉ាគី នៅថ្ងៃអង្គារ (ទី២១ ខែតុលា) នេះ បានសម្រេចថា បុរសម្នាក់ដែលបានបាញ់ប្រហារបណ្ដាលឲ្យនាយករដ្ឋមន្ត្រី Robert Fico មានរបួស កាលពីឆ្នាំមុន មានទោសពីបទភេរវកម្ម ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២១ឆ្នាំ។
លោក Juraj Cintula អាយុ ៧២ឆ្នាំ បានបាញ់ទៅតម្រង់លោក Fico ចំនួន ៥គ្រាប់ ពីចម្ងាយតែជាងមួយម៉ែត្រប៉ុណ្ណោះ ខណៈដែលនាយករដ្ឋមន្រ្តីរូបនេះបានស្វាគមន៍មនុស្សម្នា នៅទីក្រុង Handlova នៅភាគកណ្តាលនៃប្រទេសស្លូវ៉ាគី ក្នុងខែឧសភា ឆ្នាំ២០២៤។

សាលក្រមរបស់តុលាការព្រហ្មទណ្ឌពិសេស នៅទីក្រុង Banska Bystrica បិទបញ្ចប់ដំណើរការកាត់ក្តីដែលបានចាប់ផ្តើមនៅក្នុងខែកក្កដា ហើយករណីចម្បងរបស់សំណុំរឿងនេះ គឺថា តើជនល្មើស Cintula ដែលបានសារភាពថា បានបាញ់ប្រហារលោក Fico មានទោសពីបទភេរវកម្ម ឬមិនដល់កម្រិតឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលពាក់ព័ន្ធត្រឹមការប៉ុនប៉ងធ្វើឃាត ឬវាយប្រហាររាងកាយ ឬយ៉ាងណា។
គួររំលឹកថា លោក Fico វ័យ ៦១ឆ្នាំ ត្រូវបានបាញ់ប្រហារចំ ៤គ្រាប់ ហើយបានរងរបួសយ៉ាងធ្ងន់ធ្ងរត្រង់ពោះ ហើយថែមទាំងរងរបួសត្រគាក ដៃ និងជើងផងដែរ។ លោកបានបង្ហាញខ្លួនជាសាធារណៈលើកដំបូង នៅក្នុងខែកក្កដាឆ្នាំមុន ពោលគឺ ២-៣ខែបន្ទាប់ពីមានការវាយប្រហារនោះ ហើយបានវិលត្រឡប់ទៅបំពេញកិច្ចការវិញភ្លាមៗបន្ទាប់ពីនោះ៕

