អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែលថា ការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សាមានភាពល្អប្រសើរជាងការរំពឹងទុក ហើយបទឈប់បាញ់អាចប្រព្រឹត្តទៅបាន។

លោក Vance ក៏បានព្រមានផងដែរថា ប្រសិនបើក្រុមហាម៉ាសមិនសហការ ក្រុមនេះនឹងត្រូវបានលុបបំបាត់ចោល ខណៈបដិសេធមិនផ្តល់ពេលវេលាកំណត់ថានៅពេលណាដែលក្រុមប៉ាឡេស្ទីនមួយនេះ ត្រូវរំសាយអាវុធ ជាផ្នែកនៃសំណើរបស់សហរដ្ឋអាមេរិកដែលមិនទាន់ត្រូវបានយល់ព្រមនៅឡើយ។
ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលបានសម្របសម្រួលកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីដើមខែនេះ បាននិយាយថា សម្ព័ន្ធមិត្តដ៏រឹងមាំរបស់អាមេរិកនៅមជ្ឈិមបូព៌ានឹងត្រៀមខ្លួនជាស្រេចដើម្បីចូលទៅក្នុងតំបន់ហ្កាហ្សាដោយកម្លាំងដ៏ខ្លាំងក្លា និងកម្ទេចក្រុមហាម៉ាសចោល ប្រសិនបើក្រុមនេះ នៅតែបន្តធ្វើសកម្មភាពអាក្រក់។
ដំណើរទស្សនកិច្ចរបស់លោក Vance កើតឡើងបន្ទាប់ពីមានការផ្ទុះអំពើហិង្សាកាលពីថ្ងៃអាទិត្យ ដែលបានគំរាមកំហែងដល់បទឈប់បាញ់ មានរយៈពេល ១២ ថ្ងៃ។
អ៊ីស្រាអែលបាននិយាយថា ការវាយប្រហាររបស់ក្រុមហាម៉ាស បានសម្លាប់ទាហានពីរនាក់ ដែលបង្កឱ្យមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលសងសឹកសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់។
លោក Trump បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា នៅតែមានក្តីសង្ឃឹមថាក្រុមហាម៉ាសនឹងធ្វើអ្វីដែលត្រឹមត្រូវ ដោយបន្ថែមថា ប្រសិនបើពួកគេមិនធ្វើទេ អវសាននៃក្រុមហាម៉ាស នឹងមកដល់យ៉ាងលឿន ធ្ងន់ធ្ងរ និងឃោរឃៅ៕

