ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវីនីតិសម្បទា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងឧបត្ថម្ភថវិកាជូនដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំក្រីក្រ ចំនួន ២៥ម៉ឺននាក់ និងគ្រួសារក្រីក្រប្រមាណ ៧០ម៉ឺនគ្រួសារ។
ក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវីនីតិសម្បទា ជាសេនាធិការ បាននឹងកំពុងបន្តផ្ដល់ថវិកាជួយដល់ជនងាយគ្រោះគោលដៅជាច្រើន។
ជាក់ស្ដែងតាមការលើកឡើងរបស់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ក្នុងឱកាស សន្និបាទបូកសរុបការងារប្រចាំឆ្នាំនាព្រឹកថ្ងៃទី៨នេះថា ក្រសួងបាននឹងបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំដែលមានជីវភាពក្រីក្រ ជាកម្មវិធីអចិន្ត្រៃយ៍តាំងពីខែ មិថុនាឆ្នាំ ២០១៩មកម្លេះ។ ការអនុវត្តកម្មវិធីនេះ គឺបានផ្ដល់ជាថិការដល់ស្រ្តីមានផ្ទៃពោះ និងកុមារប្រមាណ ២៥ម៉ឺននាក់ ដោយចំណាយថវិកាសរុបប្រមាណ ១៧លានដុល្លារ។
ក្រោមកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ សម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុអាយុក្រោម២ឆ្នាំ ទទួលបានថវិកាសរុបចំនួន ៧៦ម៉ឺនរៀល ដែលធ្វើឡើងតាមដំណាក់កាល គឺចាប់ពីកំឡុងពេលទទួលសេវាថែទាំផ្ទៃពោះ មុនសម្រាល ពេលសម្រាលកូន ក្រោយពេលសម្រាល និងកំឡុងពេលចាក់វ៉ាក់សាំងនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យរដ្ឋ។
ក្រសួងសង្គមកិច្ច ក៏កំពុងបំពេញភារកិច្ចធំ គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះកំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩។ កម្មវិធីនេះ ជាកម្មវិធីមិនអចិន្រ្តៃយ៍ ដោយបានចាប់ផ្ដើមអនុវត្តកាលពីខែ មិថុនាឆ្នាំ ២០២០។ ចាប់ពីការអនុវត្តកម្មវិធីរហូតដល់ពេលបច្ចុប្បន្ន គឺមានគ្រួសារទទួលផលក្នុងរង្វង់ ៧០ម៉ឺនគ្រួសារ ដោយចំណាយថវិកាសរុបប្រមាណ ៥៦២ លានដុល្លារ។
ថ្មីៗកន្លងទៅនេះ រាជរដ្ឋាភិបាលក៏បានប្រកាសបន្តអនុវត្តកម្មវិធីមួយនេះ សម្រាប់ជុំទី ៨ ដែលមានរយៈពេល ៣ខែ គឺសម្រាប់ខែ មករា កម្ភៈ និងខែមីនា ឆ្នាំ ២០២២ សម្រាប់ជួយគ្រួសារក្រីក្រ ដែលមានបណ្ណសមធ៌ម(បណ្ណក្រីក្រ) តែប៉ុណ្ណោះ៕អត្ថបទ៖ គឹមហុក