ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកបានជជែកជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ដោយកិច្ចសន្ទនារបស់លោកទាំងពីរផ្តោតសំខាន់លើពាណិជ្ជកម្ម។

លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារសប្ដាហ៍នេះនៅក្នុងការិយាល័យ Oval Office ថា លោកទាំងពីរបាននិយាយទាក់ទងបញ្ហាជាច្រើន ប៉ុន្តែភាគច្រើនជាពាណិជ្ជកម្មពិភពលោក។
លោក Trump បានបន្ថែមថា ថាមពលក៏ជាផ្នែកមួយនៃការពិភាក្សាផងដែរ ដោយនិយាយថា លោក Modi បានធានាចំពោះរូបលោកថា ឥណ្ឌានឹងដាក់កម្រិតលើការទិញប្រេងរបស់ខ្លួនពីរុស្ស៊ី។
លោក Trump បាននិយាយថា នាយករដ្ឋមន្ត្រីឥណ្ឌា នឹងមិនទិញប្រេងច្រើនពីរុស្ស៊ីទេ ហើយចង់មើលឃើញសង្រ្គាមបញ្ចប់ ដូចរូបលោកដែរ ។
ប្រទេសឥណ្ឌា និងចិន គឺជាអ្នកទិញធំបំផុតចំនួនពីរនៃការនាំចេញប្រេងឆៅពីសមុទ្ររុស្ស៊ី។
ថ្មីៗនេះ លោក Trump បានកំណត់គោលដៅឥណ្ឌាសម្រាប់ការទិញប្រេងពីរុស្ស៊ី ដោយដំឡើងពន្ធលើការនាំចេញរបស់ឥណ្ឌាទៅកាន់សហរដ្ឋអាមេរិក ដើម្បីបង្អាក់ការទិញប្រេងឆៅរបស់ប្រទេសនេះ ខណៈរូបលោកព្យាយាមដាក់សម្ពាធលើទីក្រុងមូស្គូ ឱ្យចរចាកិច្ចព្រមព្រៀងសន្តិភាពក្នុងសង្គ្រាមអ៊ុយក្រែន៕

