ប្រភពអេហ្ស៊ីបមួយចំនួនបានប្រាប់សារព័ត៌មានស៊ីនហួររបស់ចិន កាលពីថ្ងៃអង្គារ (២១ តុលា) ថា អ៊ីស្រាអែល បានច្រានចោលនូវសំណើសម្រាប់ក្រុមហាម៉ាស ក្នុងការចូលរួមជាមួយរដ្ឋាភិបាលបច្ចេកទេសនៅតំបន់ហ្កាហ្សាក្រោយសង្រ្គាម។

ប្រភព ដែលសុំមិនបញ្ចេញឈ្មោះទាំងនោះ បាននិយាយថា ព័ត៌មាននេះត្រូវចែករំលែកដោយមន្រ្តីអ៊ីស្រាអែល ក្នុងអំឡុងកិច្ចប្រជុំនៅទីក្រុងហ្សេរុយសាឡិម រវាងលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu និងលោក Hassan Mahmoud Rashad ប្រធានចារកម្មទូទៅរបស់អេហ្ស៊ីប។

ប្រភពបន្តថា ការពិភាក្សានោះផ្តោតលើការពង្រឹងបទឈប់បាញ់ហ្កាហ្សា ដោយអនុញ្ញាតឱ្យមានការដាក់ពង្រាយកងកម្លាំងអន្តរជាតិដឹកនាំដោយអេហ្ស៊ីប និងអនុញ្ញាតឱ្យមានវត្តមានមន្ត្រីនគរបាលប៉ាឡេស្ទីន ១.០០០នាក់ ដើម្បីជួយធានាដល់តំបន់ហ៊ុមព័ទ្ធមួយនេះ នៅពេលណាដែលក្រុមហាម៉ាស ប្រគល់ការគ្រប់គ្រងមកវិញ។ កិច្ចប្រជុំក៏បានលើកឡើងពីការបើកច្រកព្រំដែន Rafah ឡើងវិញ ការផ្តល់ជំនួយមនុស្សធម៌ និងយន្តការសម្រាប់រំសាយអាវុធក្រុមហាម៉ាស។
នៅមុននោះ ការិយាល័យរបស់លោក Netanyahu បាននិយាយថា ថ្នាក់ដឹកនាំបានជួបជាមួយក្រុមមន្រ្តី ដើម្បីពិភាក្សាពីការជំរុញផែនការបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិក ទំនាក់ទំនងអ៊ីស្រាអែល-អេហ្ស៊ីប និងបញ្ហាក្នុងតំបន់។

កិច្ចប្រជុំដ៏កម្រនេះកើតឡើងស្របពេលភាពមិនប្រាកដប្រជាលើបទឈប់បាញ់ដ៏ផុយស្រួយនៅហ្កាហ្សា ដែលចូលជាធរមានកាលពីថ្ងៃទី១០ ខែតុលា។ ភាគីជម្លោះទាំងពីរបានសន្យាថានឹងរក្សាបទឈប់បាញ់នេះ ទោះបីជាគ្នាបានចោទដាក់គ្នាទៅវិញទៅមកពីការបំពានក៏ដោយ៕